ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារ ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេក​វិទ្យាព័ត៌មាន

65

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃស្រុក ទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ដើម្បីសិក្សាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យ និងពិភាក្សាលើការងារអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមាន​ការអញ្ចើញចូលរួមពីឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារ និងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ផងដែរផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍ថា «ក្រុមការងារ ដើម្បីសិក្សាគម្រោងបច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ​គឺមានភារៈកិច្ចយ៉ាងសំខាន់ ដែលត្រូវធ្វើការប្រមូលផ្តុំនូវបច្ចុប្បន្នភាព​គម្រោង​បច្ចេកវិទ្យាព័ត៌មាន តាមបណ្តាអគ្គចំណុះក្រសួងមហាផ្ទៃទាំងអស់ ព្រមទាំងសិក្សាអំពី តម្រូវការចំពោះមុខ និងពេលអនាគត ជាពិសេសគឺការធ្វើសមាហរណ៍​កម្មភ្ជាប់​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងមហាផ្ទៃទាំងអស់ក្នុងបណ្តាញតែមួយ ដើម្បីមាន​ភាពងាយស្រួលប្រើប្រាស់ គ្រប់គ្រង អភិវឌ្ឍ និងសុវត្ថិភាពខ្ពស់ផងដែរ។

ឯកឧត្តមបានបន្ដថា ការសិក្សាអំពីបច្ចេកវិទ្យាសមស្របទៅតាមសម័យកាល នៃការរីកចម្រើននេះពិតជាសំខាន់ណាស់ ដើម្បីបម្រើឲ្យការងារជំនាញនីមួយៗ​កាន់តែមានប្រសិទ្ធិភាព ហើយសម្រាប់ការងារនេះក៏ត្រូវរាយការណ៍អំពីលទ្ធផល​ដំណាក់​​កាលនីមួយៗជូន​ដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីជ្រាប និងមានមិតិដឹកនាំការងារនេះបន្ដទៀតផងដែរ។
បន្ថែមពីនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ រំលឹកថានាពេលកន្លងមក​ភាគីពាក់ព័ន្ធបានពិភាក្សាគ្នាលើគម្រោងផ្ដល់សេវាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានការចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មដើម្បីបង្កើត​ប្រព័ន្ធរួមមួយ ,ការចុះបញ្ជី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ,ការគ្រប់គ្រងជនបរទេស និងការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោម​ជាតិតាមរយៈអង្គភាព ច្រកចេញ-ចូលតែមួយ។

ជាចុងបញ្ចប់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងណែនាំដល់បណ្តា អគ្គនាយក​ដ្ឋាន​ចំណុះក្រសួង ព្រមទាំងអង្គភាពពាក់ព័ន្ធទាំងអស់រាយការណ៍​ជូនថ្នាក់ដឹកនាំរៀងៗខ្លួន ដើម្បីចាត់បញ្ជូនមន្ត្រីជំនាញ សហការអនុវត្តការងារ​នេះឈានទៅដល់​ការសម្រេចគោលដៅ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃផងដែរ៕

អត្ថបទដែលជាប់ទាក់ទង