អភិបាលរាជធានី ណែនាំឲ្យក្រុមគ្រូពេទ្យ មួយចំនួនលុបបំបាត់ឲ្យបាននូវពាក្យសំដីមិនពិរោះពិសារចំពោះអ្នកជំងឺនិងប្រជាពលរដ្ឋដែលទៅទទួលសេវាសុខាភិបាល
ភ្នំពេញ៖អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានណែនាំឲ្យក្រុមគ្រូពេទ្យមួយចំនួនលុបបំបាត់ឲ្យបាននូវពាក្យសំដីមិនពិរោះពិសារចំពោះអ្នកជំងឺក៏ដូចជាប្រជាពលរដ្ឋដែលទៅទទួលសេវាពីវិស័យសុខាភិបាល។
ការជំរុញនិងការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាស”ផ្សព្វផ្សាយ និងដាក់ អោយដំណើរការ មន្ទីរសុខាភិបាល ស្ថិតក្រោមរចនសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ” នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា គ្រូពេទ្យរបស់កម្ពុជាយើងពិតជាមានសមត្ថភាព មិនចាញ់គ្រូពេទ្យនៅក្រៅប្រទេសនោះទេ។ជាក់ស្ដែងក្នុងអំឡុងនៃការកើតនូវជំងឺកូវីដ-១៩ នេះ គឺក្រុមរូបភាពយើងពិតជាមានសមត្ថភាពក្នុងការព្យាបាលអ្នកជំងឺកូវី-១៩ បានជាសះស្បើយ ដែលរហូតមកដល់ពេលនេះនៅសល់តែអ្នកជំងឺកូវីដ-១៩ ម្នាក់ប៉ុណ្ណោះ ហើយក៏មិនមានអ្នកជម្ងឺកូវីដ-១៩ណាម្នាក់បានស្លាប់បាត់បង់ជីវិតដែរ។ ប៉ុន្តែអ្វីដែលជាភាពអវិជ្ជមានរបស់លោកគ្រូ អ្នកគ្រូពេទ្យរបស់យើងនោះគឺមានពេទ្យខ្លះ បានប្រើពាក្យសម្ដីមិនពិរោះពិសារចំពោះអ្នកជំងឺក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលទៅកំដរអ្នកជំងឺនឹងអ្នកទៅទទួលសេវាផ្សេងៗពីវិស័យសុខាភិបាលនេះ។ ដូច្នេះលោកអភិបាលរាជធានីភ្នំពេញជំរុញឲ្យលោកគ្រូ អ្នកគ្រូដែលធ្លាប់តែប្រើភាសាមិនពិសានោះកាត់បន្ថយឲ្យអស់ជាអតិបរមា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ជុំវិញនឹងបញ្ហានេះដែរ លោកឃួង ស្រេង ក៏បានណែនាំដល់អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញដែលទទួលបន្ទុកលើវិស័យសុខាភិបាល
និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញជាមួយនឹងអាជ្ញាធរមូលដ្ឋានផងដែរនោះ ត្រូវតែចុះទៅដល់មូលដ្ឋានពេទ្យបង្អែងនិងនៅតាមមន្ទីរពេទ្យរដ្ឋនានាដើម្បីស្វែងយល់និងស្ដាប់នូវអ្វីដែលគ្រូពេទ្យរបស់យើង បម្រើសេវាទៅលើប្រជាពលរដ្ឋល្អឬមិនល្អ។ពេលនោះហើយដែល យើងដឹងថាលោកគ្រូពេទ្យណាអ្នកគ្រូពេទ្យណាដែលបានប្រើប្រាស់នូវពាក្យសំដីមិនពិរោះពិសារទៅលើអ្នកជម្ងឺនិងប្រជាពលរដ្ឋដែលទៅទទួលសេវា។ ក្រោយពីស្ដាប់បាននិងទទួលបាននូវចំណុចអវិជ្ជមានរបស់លោកគ្រូអ្នកគ្រូពេទ្យនោះហើយ យើងត្រូវ
កោះហៅលោកគ្រូពេទ្យទាំងនោះមកណែនាំតម្រង់ទិស ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់កែតម្រូវនូវឥរិយាបថ ដូចជាសំដីសំដៅមិនពិរោះពិសារមិនគួរគប្បីជាមួយប្រជាពលរដ្ឋ ។ ការធ្វើបែបនេះវានឹងធ្វើឲ្យវិស័យសុខាភិបាលរាជធានីភ្នំពេញរបស់យើងកាន់តែល្អប្រសើរនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ជាងនេះទៅទៀត ក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការមន្ទីរសុខាភិបាល ស្ថិតក្រោមរចានាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលរាធានីភ្នំពេញនោះលោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានី លោកសូមការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី វេជ្ជបណ្ឌិត សាស្ត្រាចា្យ និងមន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ អនុវត្តការងារ នាពេលកន្លងមក ស្របតាមតួនាទី និងភារៈកិច្ចរៀងៗខ្លួន ដើម្បីបុព្វហេតុ នៃការធ្វើអោយប្រសើរឡើង នូវសុខភាពប្រជាជន តាមរយៈការផ្តល់សេវា សុខាភិបាល ដែលមានគុណភាព សមធម៌ និងការប្រកាន់ខ្ជាប់ មនសិការវិជ្ជាជីវៈ ជាបិសេស ការលះបង់ខ្ពស់បំផុត របស់មន្ត្រីសុខាភិបាល ក្នុងដំណាក់កាល ប្រឈមជាសកល នៃការរីករាលដាល វីរុសកកូវីដ១៩ ដែលយើងបានរួមគ្នាបង្ការ ទប់ស្កាត់ និងគ្រប់គ្រង លើស្ថានភាពដ៏លំបាកនេះ នៅរាជធានីភ្នំពេញ ប្រកបដោយប្រសិទ្ធិភាពខ្ពស់” ។
លោក អភិបាលរាជធានីភ្នំពេញ បានបន្តថា “ស្នាដៃ និងសមិទ្ធផលទាំងនេះ បានកើតឡើងពីការ យកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី របស់មន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ ហើយក៏មិនអាចកាត់ផ្តាច់ចេញ ពីការចូលរួម សហការគាំទ្រ ពីសំណាក់ក្រសួង ស្ថាប័នថ្នាក់ជាតិ មន្ទីរ អង្គភាពជំនាញជុំវិញ រដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ សំដៅរួមចំណែកលើកកម្ពស់ សុខភាពសាធារណៈ និងគុណភាពសេវាសុខាភិបាល អោយកាន់តែប្រសើរឡើង” ។
លោក ឃួង ស្រេង បានបន្ថែមថា “កាលពីអំឡុងខែកុម្ភៈ ដើមឆ្នាំ២០២០ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ ដោយមានគោលការណ៍ ណែនាំពី គ.ជ.អ.ប បានរៀបចំពិធីប្រកាស ដាក់អោយដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌទាំង១៤ រួចហើយដែលបការប្រកាសដាក់អោយដំណើរការ ពេលនោះ គឺជារបត់ថ្មី នៃការកែទម្រង់ប្រព័្ធ គ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខាង និងធនធាន អោយទៅរដ្ឋបាលខណ្ឌ ដែលនៅកៀកជិត ប្រជាពលរដ្ឋ ដើម្បីបង្កើនការទទួលខុសត្រូវចំពោះការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ សិទ្ធិអំណាច និងធនធានទាំងនោះ សម្រាប់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតប ទៅនឹងត្រូវការរបស់ប្រជាំពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម” ។
លោកបានបន្តថា “ដោយឡែក សម្រាប់ការជួបជុំគ្នាក្នុងថ្ងៃនេះ គឺជាវឌ្ឍនភាពថ្មីមួយទៀត នៃការងារកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ ក្នុងវិស័យសុខាភិបាល បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញ នូវអនុក្រឹត្យ ស្តីពីការប្រគល់មុខងារគ្រប់គ្រ និងផ្តល់សេវាសុខាភិបាល ទៅអោយរដ្ឋបាលរាជធានី ខេត្ត និងការប្រព្រឹត្ត ទៅរបស់មន្ទីរសុខាភិបាល រាជធានី ខេត្ត ដែល គ.ជ.អ.ប បានធ្វើពិធីផ្សព្វផ្សាយ ជូនថ្នាក់ដឹកនាំ រដ្ឋបាលរាជធានី ខេត្ត កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០២ ថ្មីៗនេះ” ។
សូមរំលឹកថា ផ្អេកតាមប្រព័្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ នឹងក្លាយទៅជាអ្នកទទួលខុសត្រូវ ចំពោះរាជរដ្ឋាភិបាល
និងប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច អំពីលទ្ធផល នៃការបំពេញ ការងារ ពាក់ព័ន្ធ នឹងការផ្តល់សេវាសុខាភិបាល ដែលបានប្រគល់ជូន ដោយអនុលោម ទៅតាមគោលនយោបាយ ផែនការ យុទ្ធសាស្រ្ត វិស័យសុខាភិបាល និងស្តង់ដារនានា ដែលកំណត់ដោយក្រសួងសុខាភិបាល ៕