ឯកឧត្តម អ៉ិត សំហេង ជំរុញអោយប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញអោយប្រជាពលរដ្ឋបន្ត ការពារខ្លួន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺឆ្លងរាតត្បាត កូវីដ-១៩ ដែលកំពុងវាយប្រហារជាសកល។
ឯកឧត្តមរដ្ឋមន្ត្រី ប្រកាសបែបនេះក្នុងពិធីចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន១៩២គ្រួសារ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងលោកអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង លោក លោកស្រីចៅសង្កាត់ មេភូមិ ក្រុមការងារយុវជនខណ្ឌ នៅក្នុងបរិវេណវិទ្យាល័យជាស៊ីមបឹងកេងកង។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានបន្ថែមអោយដឹងថា បងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាអោយបាននូវវិធានការណ៍អនាម័យ ដើម្បីសុខសុវត្ថិភាព ត្រូវតែពាក់ម៉ាសរៀងរាល់ពេលធ្វើដំណើរចេញក្រៅផ្ទះ និងលាងដៃជាមួយសាប៊ូ និងអាល់កុល អោយបានញឹកញាប់។ ឯកឧត្តមរំលឹកថាកូវីដ-១៩ គឺជាជម្ងឺមួយដែលពិភពលោកកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ព្រោះមានលក្ខណៈឆ្លងរហ័ស មិនថាអ្នកមាន រឺអ្នកក្រ ចាស់ រឺក្មេង សុទ្ធតែអាចប្រឈមនឹងការឆ្លងប្រសិនណាមិនបានការពារអោយបានភ្ជាប់ភ្ជួន។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមអោយដឹងថា តាមអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ទាំងអស់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងពេលដែលមានការរាតត្បាតនៃជំងឺ កូវីដ-១៩ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សម្ដេចបានលើកឡើងនូវពាក្យស្លោកមួយថាមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះឬដាច់ស្បៀងដោយសារមិនបានទទួលការយកចិត្តទុកដាក់ពីរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់ក៏ដូចជាពីសំណាក់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាឡើយ។
ក្នុងឱកាសនេះឯកឧត្តម ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សានូវវិធានអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល កុំឲ្យឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនេះ ដេីម្បីបងប្អូនមានសុខភាពល្អ។