អ្នកសង្កេតការណ៍អន្តរជាតិ វាយតម្លៃស្ថានការណ៍ បោះឆ្នោតជាតិនៅកម្ពុជាថា មានភាពស្ងប់ស្ងាត់ សន្តិភាព និងគ្មានអំពើហិង្សា
ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ នៅថ្ងៃទី២៩ កក្កដានេះ ត្រូវបានបិទបញ្ចប់ហើយដោយមានប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតមានចំនួនជាង៨០ភាគរយ។ បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់នោះ អ្នកសង្កេតការណ៍អន្តរជាតិដែលមកពីស្ថាប័នធំៗ ធ្វើសន្និសីទសារព័ត៌មានរួមគ្នាដោយវាយតម្លៃថា បរិយាកាសនៃការបោះឆ្នោតនៅ ក្នុងនៅពេលនេះ គឺមានភាពស្ងប់ស្ងាត់ សន្តិភាព និងគ្មានអំពើហិង្សា ដែលផ្តល់បរិយាកាស ល្អដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅល្ងាចថ្ងៃទី២៩ កកឭខែកក្កដា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ អ្នកសង្កេតការណ៍អន្តរជាតិដែលមកពីស្ថាប័នចំនួន៧ធំៗ បានប្រកាសរួមគ្នាថា ការបោះឆ្នោតនៅកម្ពុជានៅថ្ងៃនេះ គឺបានប្រព្រឹត្តទៅដោយរលូន ដោយមានការសម្រួលបរិយាកាសល្អពីសំណាក់អាជ្ញាធរមាន សមត្ថកិច្ចដើម្បីបង្កើតនូវភាពល្អប្រសើរសម្រាប់បក្សនយោបាយដែលចូលរួមនៅក្នុងការបោះឆ្នោតជាតិមួយនេះ។
តំណាងមកពីសន្នីសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ដែលតំណាងឱ្យគណបក្សនយោបាយចំនួន៣៥០ ទាំងខាងរដ្ឋាភិបាល និងគណបក្សប្រឆាំងមកពី៥២ប្រទេស នៃតំបន់អាស៊ី ដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរជាតិចូលរួមសង្កេតការណ៍បោះឆ្នោតនោះលោក Jose De Venecia បានលើកឡើងថា ជាការកត់សម្គាល់សម្រាប់ក្រុមអ្នកសង្កេតការណ៍ ឃើញថា មានពលរដ្ឋកម្ពុជាជាង៨០ភាគបានអញ្ជើញទៅបោះឆ្នោត។ លោក ថា ការបោះឆ្នោតលើកនេះ បានផ្តល់នូវបរិយាកាសនៃការប្រកួតប្រជែង និងមានតម្លាភាពដោយមាន ការចូលរួមយ៉ាងសកម្មពីគ្រប់បក្សនយោបាយដែលបានចូលរួមនៅក្នុងការបោះឆ្នោតមួយ នេះ។
បន្ថែមពីនោះ ការបោះឆ្នោតនៅថ្ងៃទី២៩ កក្កដានេះ គឺជាការបោះឆ្នោតមួយដែលបានប្រព្រឹត្តទៅជាមួយ និងសិទ្ធិនៃការបោះឆ្នោតជាសកលដែលមានលក្ខណៈសម្ងាត់ និងដោយសេរីដោយប្រជាពលរដ្ឋកម្ពុជា បានទៅចូលរួមដោយស្ម័គ្រចិត្តក្នុងការទៅបោះឆ្នោត។
ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលមក ពីអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ, អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ី ប៉ាស៊ីហ្វិក និងសន្នីសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយជាដើមនោះ បានអបអរសាទរចំពោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាដែល សម្រេចបានជោគជ័យនៅក្នុងការបោះឆ្នោតមួយនេះ ហើយជូនពរឱ្យកកម្ពុជាជោគជ័យនៅក្នុងការពង្រឹងអធិបតេយ្យភាព និងការអភិវឌ្ឍប្រទេសផងដែរ៕