នៅថ្ងៃនេះ រកឃើញពលរដ្ឋខ្មែរ២នាក់ទៀត វិលត្រឡប់ពីប្រទេសឥណ្ឌូណេស៊ី មានផ្ទុកជំងឺកូវីដ១៩ថ្មី
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រកាស រកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើជនជាតិខ្មែរ២រូបទៀត ដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDCនៃក្រសួងសុខាភិបាល បានប្រកាសថា ថ្ងៃនេះយើងរកឃើញករណីជំងឺកូវីដ-១៩ថ្មីចំនួន២នាក់ (ខ្មែរទាំង២នាក់ត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី) រហូតដល់ម៉ោង ៨:០០ព្រឹក ថ្ងៃទី ១៤ មិថុនា ២០២០ យើងរកឃើញករណីជំងឺកូវីដ-១៩ ថ្មី២នាក់ទៀត (ជាករណីនាំចូល) ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៨នាក់ ចំនួនសម្រាកនៅពេទ្យកើន៣នាក់ ចំនួនជាសះស្បើយសរុបចំនួន១២៥នាក់ដដែល និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យើងត្រូវបន្តពាក់ម៉ាសនៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យើងបានធ្វើតេស្តចំនួន 27274 ស្មើនឹង 1643 ក្នុង១លាននាក់។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីវិជ្ជមានវីរុសកូរីដ១៩ថ្មី ចំនួន ២នាក់នោះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ និងបុរសជនជាតិខ្មែរ អាយុ ២២ឆ្នាំ ដែលមានអសយដ្ឋាននៅខេត្តកំពង់ចាម ហើយអ្នកទាំង២ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។
ជើងហោះហើរជាមួយនឹងជនជាតិខ្មែរទាំង២ខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី្ត ២៤នាក់) ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ៤នាក់ (ស្រី ២នាក់ ក្នុងនេះ មានកុមារីអាយុ ៤ឆ្នាំ ម្នាក់)។ អ្នកដំណើរចំនួន ៤៤នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន មណ្ឌលចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលបុគ្គល រស់នៅ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នក ដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ ដើម្បីតាមដានសុខភាពបន្តទៀត។
រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២៨ករណី ក្នុងនោះមាន១២៥នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕