ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងទំនើងប្រចាំភូមិភី ដែលតែងតែដេញកាប់ក្រុមក្មេងប្លែកមុខ ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

233

 


បន្ទាយមានជ័យ ៖ ក្មេងទំនើង ១ក្រុម តាំងរហស្សនាមឲ្យខ្លួនថា (ក្រុមភូមិភី) ដែលតែងតែដេញកាប់ក្រុមក្មេងប្លែកមុខ ចូលទៅក្នុងភូមិរបស់ខ្លួន ត្រូវកម្លាំងអាវុធហត្ថ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ នៅថ្ងៃទី៣០ខែកក្កដានេះ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យក្មេងទំនើង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

សូមបញ្ជាក់ថា  ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងករណីខាងលើជាបទល្មើសជាក់ស្តែង ដែលបង្កឡើងដោយក្មេងទំនើង ១ក្រុម មានគ្នីគ្នាប្រមាណ ៦នាក់ និងយោងតាមការអនុវត្តន៍វិធានការ របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន ៖ ១-ឈ្មោះ សាង ហង ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ យួន ឡុងម៉ា ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយកម្លាំងអាវុធហត្ថ បានស្រាវជ្រាវតាមចាប់ជនសង្ស័យបន្តរហូតដល់ថ្ងៃទី២៦ ទើបឃាត់ខ្លួនបាន ១នាក់ទៀត មានឈ្មោះ ស្រ៊ុន តេងរៈ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងវត្ថុតាងរួមមាន ៖ -ម៉ូតូម៉ាក MSX ពណ៌ខៀវ ០១គ្រឿង -កាំបិតបាំងតោ ប្រវែង ៣៦សង់ទីម៉ែត្រ ១ដើម -កាំបិតផ្គាក់ដងដែក ប្រវែង ៤៨សង់ទីម៉ែត្រ ១ដើម -កាំបិតច្នៃគ្មានដង ប្រវែង ៥៦សង់ទីម៉ែត្រ ១ដើម -បារីអេឡិចត្រូនិច ១គ្រឿង -ឧបករណ៍ស្រាប់ជក់គ្រឿងញៀនមួយចំនួន ។ ចំណែកជនសង្ស័យដ៏ទៃទៀត កម្លាំងកងរាជអាវុធហត្ថ កំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យទាំង ៣នាក់ខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។


ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីការសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ ក្រុមខ្លួនមានជម្លោះជាមួយក្រុមជនរងគ្រោះ ហើយបានបបួលបក្ខពួក ទៅកាប់ក្រុមជនរងគ្រោះ ដោយក្រុមជនរងគ្រោះភ័យពេក ក៏ជិះម៉ូតូគេចពីក្រុមខ្លួន(ជនសង្ស័យ) រហូតជិះចូលរថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ហើយក្រុមខ្លួន បានតាំងរហស្សនាមថា (ក្រុមភូមិភី) ជាក្រុមដែលតែងតែកាប់ក្រុមក្មេងប្លែកមុខ ចូលមកក្នុងទឹកដីរបស់ខ្លួន ហើយកម្មភាពកាប់ចាក់នេះ ក្រុមខ្លួនបានប្រព្រឹត្តចំនួន ០៥លើកមកហើយ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍ របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃើញមានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ ពិតជាបានប្រព្រឹត្ត និងចូលរួមប្រព្រឹត្តក្នុងបទល្មើស ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស យ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង