ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិថៃម្នាក់ ញៀនល្បែង អស់លុយ បែកគំនិតដើរលួច

122


បន្ទាយមានជ័យ ៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ខែកក្កដានេះ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ជនជាតិថៃញៀនល្បែង អស់លុយ កើតមានគំនិតដើរលួច ប្រាក់ និងទូរស័ព្ទគេ នៅតាមកាស៊ីណូ និងនៅតាមតូបលក់ឥវ៉ាន់ ត្រូវម្ចាស់គេតាមទាន់ ស្រែឆោតឡោ ​ប្តឹងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។

សូមបញ្ជាក់ថា ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច(ទូរស័ព្ទ) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងលើពាក្យបណ្តឹងរបស់ឈ្មោះ ញ៉ឹក សុចិន្តា ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ឈ្មោះ យ៉ាង ឆុងកៅ ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ មានស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដតាមកាស៊ីណូ ស្ថិតក្នុងក្រុងប៉ោយប៉ែត ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយរួចមក លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។


ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ តាមការបំភ្លឺរបស់ជនរងគ្រោះ បានបញ្ជាក់ថា ៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានសាកបញ្ចូលថ្មទូរស័ព្ទ ក្នុងតូបលក់ឥវ៉ាន់របស់ខ្លួន ពេលកំពុងតែរវល់លក់ដូរ ស្រាប់តែជនសង្ស័យ បានចូលមកលួចយកទូរស័ព្ទក្នុងតូប ហើយក៏រត់គេចចេញតែម្តង តែត្រូវជនរងគ្រោះស្រែកឆោរឡោរ រាយការណ៍ឲ្យកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ មកអន្តរាគមន៍ចាប់បានភ្លាមៗ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្ថែមថា ៖ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ៖ ខ្លួនបានចូលមករស់នៅក្នុងបរវេណកាស៊ីណូ ចំនួន ៥ឆ្នាំមកហើយ កាលពីមករស់នៅដំបូង ខ្លួននៅមានប្រាក់កាសចាយវាយធម្មតា តែដោយខ្លួនជាអ្នកញៀនល្បែង ក៏អស់ប្រាក់ពីខ្លួន រហូតមានគំនិតដើរលួច ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ពេលលួចបានម្តងៗ គឺយកទៅលក់បានប្រាក់ មកយកទៅលេងល្បែងខ្លះ និងទិញថ្នាំលេបខ្លះ ព្រោះមានជម្ងឺជាប់ខ្លួនផង ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញមានតម្រុយពិរុទ្ធភាព នៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ បានប្រព្រឹត្តបទល្មើស ៖ អំពើលួច យ៉ាងពិតប្រាកដ ៕

អត្ថបទដែលជាប់ទាក់ទង