ចាប់ពីពេលនេះទៅ វិនិយោគិន អាចចុះបញ្ជីអាជីវកម្មថ្មី ជាកញ្ចប់តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសថា ចាប់ពីថ្ងៃទី១៥មិថុនាតទៅ ធុរជនអាចធ្វើការចុះបញ្ជីអាជីវកម្មថ្មី បានតាមថ្នាលបច្ចេកវិទ្យាព័ត៌មានជាកញ្ចប់ ដែលមានការចុះបញ្ជីពាណិជ្ជកម្មក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការធ្វើសេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលតែមួយ និងត្រូវការពេលវេលាយ៉ាងយូរត្រឹម៨ ថ្ងៃនៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយនឹងការចំណាយតិចជាងមុនរហូតជាងពាក់កណ្តាល។
ថ្លែងក្នុងពិធីប្រកាសដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន” ជាបង្កោលចរថ្មីមួយនៃការកែទម្រង់មុតស្រួចរបស់រដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់ភាពប្រគួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថា៖«វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះផងដែរ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា»។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម និងយន្តការថ្មីនេះគឺជាប្រព័ន្ធទីមួយ របស់រាជរដ្ឋាភិបាល ដែលមានការតភ្ជាប់ផ្លាស់ប្តូរទិន្នន័យ ជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងក្របខ័ណ្ឌ ជាប្រព័ន្ធអេកូឡូហ្ស៊ី ហើយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ ជាលក្ខណៈអន្តរក្រសួង ដោយទិន្នន័យទាំងអស់ នឹងត្រូវបានបញ្ជូលចែករំលែកដោយស្វ័យប្រវត្តិ ទៅប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការត្រួតពិនិត្យ និងផ្តល់ការអនុម័ត។
ឯកឧត្តមបន្តថា ដំណើរការនៅក្នុងការចុះបញ្ជី ការដាក់ឯកសារយោង ក៏ដូចជាការទទួលបានមកវិញ នូវវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ប័ណ្ណប៉ាតង់ ក៏ដូចជាឯកសារផ្សេងៗទៀតទាំងអស់ នឹងត្រូវផ្តល់និងទទួលជាទម្រង់ឌីជីថល ដែលនឹងត្រូវធ្វើឡើងទាំងស្រុងនៅលើថ្នាលបច្ចេកវិទ្យាព័ត៌មាន ហើយមិនមានការប្រើប្រាស់ជាឯកសាររូបី ក្នុងទម្រង់រឹងទៀតទេ។ តាមរយៈថ្នាលបច្ចេកវិទ្យានេះ និតិវិធីស្នុគស្មាញ ការផ្តល់ព័ត៌មាននៃការចុះបញ្ជីនៅក្នុងក្របខ័ណ្ឌយន្តការចាស់ ត្រូវបានកាត់បន្ថយជាអតិបរមា៕