ឃាត់ខ្លួនមនុស្ស២នាក់លួចកាច់កម៉ូតូ នៅខេត្តកំពង់ចាម បានរត់មកលាក់ខ្លួននៅខេត្តស្វាយរៀង ដកហូតម៉ូតូ ១០គ្រឿង និងរថយន្ដ១គ្រឿង
ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) នៅខេត្តកំពង់ចាម ហើយបានរត់មក ភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោយពីឃាត់ខ្លួនរួច យើងបានធ្វើការឆែកឆេរ ត្រួតពិនិត្យលទ្ធផល ដកហូតម៉ូតូបានចំនួន ១០គ្រឿង និងរថយន្ត១គ្រឿង។
កាលពីនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៩ ព្រឹក ស្នងការដ្នានគរបាលខេត្តកំពង់ចាម បានសុំកិច្ចប្រតិបត្តិការជាមួយ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងនោះការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការិយាល័យជំនាញធ្ងន់ ស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលស្រុក រមាសហែក និង ប៉ុស្ដិ៍នគរបាលរដ្ឋបាលលត្រស់ ដោយមានការដឹកនាំ ពី លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។
សមត្ថកិច្ចបានឲ្យដឹងថា: ដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ដែលមានឈ្មោះ សៅ ស៊ីដាត ហៅ ឆោះ ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្ត ស្វាយរៀង និង ឈ្មោះ សៅ ប៊ុន្នី ហៅ តឿ ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិវត្ត ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូ) នៅខេត្តកំពង់ចាម ហើយបានរត់មក ភូមិ វត្ត ឃុំ ត្រស់ ស្រុក រមាសហែក ខេត្ត ស្វាយរៀង ក្រោយពីឃាត់ខ្លួនរួច យើងបានធ្វើការឆែកឆេ ត្រួតពិនិត្យលទ្ធផល ដកហូតម៉ូតូបានចំនួន ១០គ្រឿង ម៉ាកហុងដា សេ ១២៥ ចំនួន ៩ គ្រឿង ម៉ាក ស៊ុមម័រអ៊ិុច ចំនួន ១ គ្រឿង ក្នុងនោះម៉ូតូរបស់ជនរងគ្រោះចំនួន ០១គ្រឿងម៉ាក ហុងដាសេ១២៥ ផលិតឆ្នាំ ២០១៧ ពណ៌ខ្មៅ និងដកហូតរថយន្ដមួយគ្រឿង ម៉ាកឡិចស៊ីស ៣៣០ ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AP-៣៨៩០ គ្មានលិខិតស្នាម របស់ជនសង្ស័យដែលជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើសបច្ចុប្បន្ន រថយន្ដចំនួន១ គ្រឿង និងម៉ូតូចំនួន១០គ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីស្រាវជ្រាវបន្តទៅតាមនីតិវិធីច្បាប់។
ប្រភពដដែលបានបន្តថា ចំពោះជនសង្ស័យ២នាក់ និងម្ដាយ របស់ជនសង្ស័យ បាននាំខ្លួនទៅការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរបន្ត៕