ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ នេត សាវឿន ស្នើឲ្យពង្រឹង​បន្ថែមលើការងារ៤ សម្រាប់ផែនជំនាញសន្តិសុខ បង្ក្រាបឲ្យបាននូវគ្រប់សភាពការណ៍

100

ភ្នំពេញ ៖នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តោត និងស្នើឲ្យពង្រឹង​បន្ថែមលើការងារ៤ សម្រាប់ផែនជំនាញសន្តិសុខ ជាពិសេសបង្ក្រាប​ឲ្យបាននូវគ្រប់​សភាពការណ៍ បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ទប់ស្តាត់ឲ្យបាននូវ​គ្រប់ឧបាយក​លបង្កវិទ្ធង្សនា ឬ វិច្ឆេទកម្មប្រឆាំង ឬ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយពង្រឹង​ការងារឲ្យបានច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងដាក់​ចេញទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២០។ កិច្ចប្រជុំប្រារព្ធធ្វើឡើង​នៅសាលប្រជុំអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គស្នងការរង ប្រធាននាយកដ្ឋាន-អង្គភាព និងស្នងការទាំង​២៥រាជធានី-ខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងក្នុងអង្គប្រជុំថា ដើម្បីពង្រឹងបន្ថែមសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ឆមាសទី២នេះ នាយកដ្ឋាន-អង្គភាព និងស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវផ្តោតសំខាន់លើការងារមួយចំនួនដូចជា៖

ទី១-ពង្រឹងភារកិច្ចរួម​ដោយ​ប្តេជ្ញាការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

ទី២-ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសប្តេជ្ញាចិត្តទប់ស្តាត់​មិនឲ្យកើតមានឡើងវិញនូវសកម្មភាពឬឧបាលកលបដិវត្តន៍ពណ៌កើតមាននៅក្នុងប្រទេសកម្ពុជា។

ទី៣-ជំរុញ និងអនុវត្តទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោល​នយោបាយ​ភូមិ-ឃុំមានសុវត្ថិភាព ដែលជាសសរស្តមនៃខឿនសន្តិសុខជាតិ។

ទី៤-ជំរុញ អនុវត្តផែនការសកម្មភាពដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្តោត និងស្នើឲ្យពង្រឹង​បន្ថែមលើការងារ៤ សម្រាប់ផែនជំនាញសន្តិសុខ ជាពិសេសបង្ក្រាប​ឲ្យបាននូវគ្រប់​សភាពការណ៍ បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ទប់ស្តាត់ឲ្យបាននូវ​គ្រប់ឧបាយក​លបង្កវិទ្ធង្សនា ឬ វិច្ឆេទកម្មប្រឆាំង ឬ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយពង្រឹង​ការងារឲ្យបានច្បាស់លាស់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។ ចំណុចសំខាន់ពាក់ព័ន្ធនិងការងារសន្តិសុខនេះដែរ ឯកឧត្តម ក៏បានសង្កត់ធ្ងន់អំពី​ការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញទានភេរវកម្ម ដោយជំរុញឡើងវិញនូវយន្តការដើម្បីប្រតិបត្តិ សំដៅរកឲ្យឃើញនូវផលសំអាងនៃបទល្មើស ពាក់ព័ន្ធករណីគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច និងបទឧក្រិដ្ឋនានាបន្ថែមទៀត។

ពាក់ព័ន្ធនិងការងារប្រឆាំងបទល្មើស ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានណែនាំត្រូវរួមគ្នាប្តេជ្ញាចិត្តកាត់បន្ថយឲ្យបានទាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងបទល្មើស លួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀត ដែលប៉ះពាល់ដល់ចិត្តសាស្ត្រសង្គមធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងនោះត្រូវខិតខំពង្រឹងការងាររបស់នគរបាលបច្ចេកទេស ដែលជាមូលដ្ឋាននៃការបំពេញសំណុំបែបបទ សំណុំរឿង ដែលជាមូលដ្ឋានសម្រាប់ដាក់បន្ទុកជនល្មើស ជាពិសេសការគ្រប់គ្រងលើមុខសញ្ញា ដែលត្រូវដោះលែងចេញពីពន្ធនាគារ មុខសញ្ញាដែលត្រូវបានព្យួរទោស និងមុខសញ្ញាក្មេងទំនើង។ ដោយឡែកបញ្ហាគ្រឿងញៀនត្រូវខិតខំ​អនុវត្តឲ្យបានគោលការណ៍របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការទប់ស្តាត់ច្រកនាំចូល ការកែច្នៃ និងទប់ស្កាត់ការរើឡើងវិញនូវការប្រើប្រាស់ ការជួញដូរ នៅក្នុងទីសប្បាយដ្ឋាន។

ពាក់ព័ន្ធការងារចរាចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានពង្រឹងការដកបទពិសោធន៍របៀបរបបការងាររបស់កងកម្លាំងទាំងការកំណត់គោលដៅត្រួតពិនិត្យឲ្យបានសមរម្យ ជៀសវាងការធ្វេសប្រហែសធ្វើឲ្យមានការថ្នាំង​ថ្នាក់ដល់ប្រជាពលរដ្ឋ និងត្រូវការពារសុវត្ថិភាពដល់មន្ត្រីដែលកំពុង​បំពេញការងារនៅតាមដងផ្លូវ។ បន្ថែមពីនេះពាក់ព័ន្ធការងារប្រចាំបញ្ជា និងការងារអន្តរាគម៍ត្រូវត្រៀមសង្គ្រោះប្រជាពលរដ្ឋនៅពេលមានហេតុការណ៍ចៃដន្យកើតឡើង។

ចុងក្រោយពាក់ព័ន្ធការងាររបស់សមាគម​​​មិត្ត​នគរបាល​ជាតិ ឯកឧត្តមអគ្គស្នងការ បានជំរុញសកម្មភាពសាកសួរសុខទូក្ខបងប្អូនមន្ត្រីនគរបាល ដែលមានការឈឺថ្កាត់ ជរាពិការ ដើម្បីជួយសម្រាលការលំបាកបងប្អូននគរបាល​ជាតិដែល​ជាសមាជិក​សមាគម។ ទន្ទឹមនោះក៏ត្រូវមានការជម្រុញលើកទឹកចិត្ត ជូនរង្វាន់ដល់កង​កម្លាំងដែលមានសមត្ថភាព និងមានស្នាដៃក្នុងការបំពេញភារកិច្ច ត្រូវខិតខំបង្ហាញការទទួលខុសត្រូវ បកស្រាយ ការពារកិត្តិយសនគរបាលជាតិ នៅចំពោះមុខមហាជន។ ជំរុញវិធានការក្នុងការការពារកិត្តិយសនគរបាលជាតិ ដែលថ្មីៗនេះ អគ្គលេខាធិការសមាគមមិត្តនគរបាលបានផ្ញើលិខិតទៅ​ក្រសួងព័ត៌មានពាក់ព័ន្ធបងប្អូនសិល្បក រកំប្លែងដែលតែងតែនិពន្ធរឿងពាក់​ព័ន្ធនិងសកម្មភាពនគរបាល ដែលខ្លឹមសារខ្លះបានធ្វើឲ្យប៉ះពាល់ដល់ស្ថាប័ននគរបាល ទាំងការគ្រងឯកសណ្ឋាន សក្តិ និងសក់វែងជាដើម៕

អត្ថបទដែលជាប់ទាក់ទង