ពលរដ្ឋខ្មែរដែលមានលិខិតឆ្លងដែនបរទេស ត្រូវបានលើកលែងការធានារ៉ាប់រងសុខភាព និងការតម្កល់ប្រាក់៣០០០ដុល្លារ ក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩
ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកលែងការតម្រូវឱ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ប្រាក់ចំនួន ៣០០០ដុល្លារ សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa, K) ចូលមកកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្តីពីវិធានការកែតម្រូវសម្រាប់សម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ កាន់លិខិតឆ្លងដែនបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្ត្រីការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលមានទិដ្ឋាការប្រភេទ A និង B នៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០។
សេចក្តីប្រកាស បានបញ្ជាក់ថា យោងតាមលិខិតលេខ ៤២១១ កបទ.សអ/ច្បក២ ចុះថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ សេចក្តីប្រកាសលេខ១០១ សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ អំពីការកែសម្រួលលើវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ សម្រាប់អ្នកដំណើរទាំងអស់ ចូលមកកម្ពុជា រួមទាំងអ្នកការទូត ត្រូវបានកែសម្រួលដូចតទៅ ៖ ១)លើកលែងការតម្រូវឱ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ប្រាក់ចំនួន ៣០០០ដុល្លារ សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ-១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa, K) ចូលមកកម្ពុជា ប៉ុន្តែ តម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate for Cod-19 Free) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមី ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ១៩ និងមានសុពលភាព៧២ម៉ោង ចាប់ពីពេលចេញដំណើរពីប្រទេសតាំងនៅ។
២) ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិ នៅភ្នំពេញទាំងអស់ ដែលមានអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ-១៩ របស់អ្នកការទូត និងមន្ត្រី អង្គការអន្តរជាតិទាំងនោះ និងការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯង។
៣)រាល់វិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្តីប្រកាសលេខ ១០១ សខល ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ថិតនៅជាធរមានដដែល។
គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ ដើម្បីការពារការចម្លង វីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឱ្យមានរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩៕