ប្រទេសទាំងអស់ ចាំបាច់ត្រូវទទួលបានទាន់ពេលវេលា និងដោយគ្មានការរារាំង នូវថ្នាំបង្ការនិងវ៉ាក់សាំង ដែលប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ប្រទេសទាំងអស់ ចាំបាច់ត្រូវទទួលបានទាន់ពេលវេលា និងដោយគ្មានការរារាំង នូវថ្នាំបង្ការនិងវ៉ាក់សាំង ដែលប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាទំនិញរួមរបស់ពិភពលោក។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផល នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេស រវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងរុស្ស៊ី ស្ដីពីជំងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video-Conference) នៅទីស្តីការក្រសួងការបរទេស។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយសហប្រធានសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី នាពេលបច្ចុប្បន្ន និងសហព័ន្ធរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ី បានផ្លាស់ប្តូរទស្សនគ្នាទៅវិញទៅមក អំពីឧត្តម្មានុវត្តន៍ និងការរៀនសូត្រ ដែលទទួលបានពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតជាសកល និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យដែលមានផលប្រយោជន៍រួមគ្នា និងដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន និងរុស្ស៊ី ជាពិសេសលើវិស័យសុខភាពសាធារណៈ។
កិច្ចប្រជុំពិសេសនេះ ជាផ្នែកមួយនៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ានរុស្ស៊ី និងជាឱកាសមួយសម្រាប់ភាគីទាំងពីរ ពិភាក្សាគ្នាលើមធ្យោបាយនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យដែលផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ផលប៉ះពាល់លើសេដ្ឋកិច្ច សង្គម ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។
អាស៊ាននិងរុស្ស៊ី បានជំរុញសហគមន៍អន្តរជាតិ ឲ្យដាក់របៀបវារៈនយោបាយ ដែលខុសគ្នារបស់ពួកគេ ដោយឡែក ដោយងាកធ្វើសកម្មភាពរួមគ្នាវិញ ក្នុងស្មារតីទទួលខុសត្រូវសាមគ្គីភាព និងសហប្រតិបត្តិការគ្នា ដើម្បីគ្រាំទ្រគ្នាទៅវិញទៅមកនៅក្នុងគ្រាដ៏លំបាកនេះ។
ក្នុងកិច្ចប្រជុំក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃមជ្ឈភាពអាស៊ាន និងតួនាទីឈានមុខរបស់អាស៊ានក្នុងការរក្សានិម្មាបកម្មតំបន់ ដែលមានស្រាប់ឱ្យឆ្លើយតបទៅនឹងការគំរាមកំហែងធំ ដូចជាជំងឺឆ្លងកូវីដ១៩ជាដើម។
កិច្ចប្រជុំបានស្វាគមន៍ ការបង្កើតមូលនិធិអាស៊ាន សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ និងឆន្ទៈរបស់រុស្ស៊ី ក្នុងការចូលរួមចំណែកផ្ដល់មូលនិធិសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដោយប្រើប្រាស់ធនធានមូលនិធិហិរញ្ញវត្ថុនៃភាពជាដៃគូសន្ទនាអាស៊ាន រុស្ស៊ីសម្រាប់ការអនុវត្តគម្រោងរួមគ្នា ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងគ្រោះអាសន្នសុខភាពសាធារណៈ។
ក្នុងអំឡុងពេលកិច្ចប្រជុំពិសេសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់រុស្ស៊ី និងបណ្ដាលប្រទេសសមាជិកអាស៊ាននានា ដែលបានផ្ដល់ការព្យាបាល និងការថែទាំដល់ប្រជាជនកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈដូចជា ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនាពេលអនាគត ដូចជាជំងឺរាតត្បាតជាដើមភាគីនិយម គឺជាអ្វីដែលមិនអាចខ្វះបានដោយសារបញ្ហាប្រទេសនានា ត្រូវការការសម្របសម្រួល និងការឆ្លើយតបរួមគ្នាថែមទៀត ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រនិងភស្តុតាង។ ប្រទេសទាំងអស់ ចាំបាច់ត្រូវទទួលបានទាន់ពេលវេលា និងដោយគ្មានការរារាំង នូវថ្នាំបង្ការនិងវ៉ាក់សាំង ដែលប្រកបដោយគុណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ ដែលជាទំនិញរួមរបស់ពិភពលោក។ ដោយទទួលស្គាល់នូវតួនាទីចម្បង របស់អង្គការសុខភាពពិភពលោក នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កម្ពុជារីករាយដែលអាស៊ាននិងរុស្ស៊ី បានគាំទ្រការអនុម័តសេចក្ដីសម្រេចចិត្តដោយសម័យប្រជុំសភាសុខភាពពិភពលោក កាលពីខែឧសភាកន្លងទៅ និងបានទទួលស្គាល់សារសំខាន់នៃការអនុវត្តវិធានការសុខភាពនានា ស្របតាមសារាចរសុខភាពអន្តរជាតិឆ្នាំ 2005។ អាស៊ាននិងរុស្ស៊ី អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា បានច្រើនថែមទៀត ដើម្បីឲ្យសេដ្ឋកិច្ចរីករស់ឡើងវិញ តាមរយៈការធ្វើលំហូរពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឲ្យបានខ្លាំងក្លាបំផុត ដែលជាផ្នែកមួយនៃដំណាក់កាលស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ ១៩៕