ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

 លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” តម្លៃ​៨០០ ៤៨០ ០០០ រៀល

100

 

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ ទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នាំយក​ថវិកា វិភាគទាន​សប្បុរសធម៌​ដែល​បានមកពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” ទៅ​ប្រគល់ជូន​មន្ទីរ ពេទ្យ​គន្ធបុប្ផា​។​

​កម្មវិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង សមាជិក​សមាជិកា​គណៈ​កម្ម​ការ​អន្តរក្រសួង មន្ត្រី​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា​៖ កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០ កន្លងទៅនេះ ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៃ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដែលមាន លក្ខណៈពិសេស​អាច​កម្ម​ង់​តាម​ការពេញចិត្ត ដើម្បី​បំពេញតម្រូវការ​និង​ផ្តល់​ជម្រើស​សម្បូណ៌​បែប​ជូន ប្រជាពលរដ្ឋ ហើយ​ស្លាក​លេខ​ប្រភេទ​នេះ​បង្ហាញ​ពី​អត្តសញ្ញាណ​កម្ពុជា លើ​ឆាក​អន្តរជាតិ អាច​កៀរគរ​ចំណូល​បន្ថែម​ជូន​រដ្ឋ និង​អាច​អនុញ្ញាតឱ្យ​ម្ចាស់​រថយន្ត​រក្សា​លេខ​នោះ​ទុក​សម្រាប់​ចុះបញ្ជី​លើ​រថយន្ត ថ្មី​របស់ខ្លួន​ក្រោយៗ​ទៀត​។ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចុះបញ្ជី​យានយន្ត និង​លក់​លេខ​ពិសេស មាន​អាសយដ្ឋាន https://vehicle.mpwt.gov.kh ។​

​ថ្ងៃនេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​ក្រសួង​បានប្រគល់​ថវិកា​វិភាគទាន​សប្បុរសធម៌ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ថវិកា​ដែល​បានប្រគល់​ជូន​លើក​នេះ​មាន​ទឹកប្រាក់​ចំនួន ៨០០ ៤៨០ ០០០​រៀល បានមកពី​ការដេញថ្លៃ លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” កាលពី​ខែមីនា ឆ្នាំ​២០២០ កន្លងទៅនេះ​។​

​យោងតាម​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានអនុញ្ញាត​ឲ្យ ប្រគល់​ថវិកា​នេះ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងនាម រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ពិនិត្យ​និង​ការព្យាបាល​ជំងឺ​កុមារ​នៅក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ដែល​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត កន្លងទៅនេះ​ជា​ប្រភព​ចំណូល​ថ្មី​មួយទៀត ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណ ការ និង​ដឹកជញ្ជូន​បាន​បង្កើត​ឲ្យ​មានការ​លក់ និង​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់ខ្លួន​សម្រាប់​រថយន្ត​ដើម្បី​ជា គុណប្រយោជន៍​ដល់​ថវិកាជាតិ​។ ចំណូល​ពី​ការលក់​លេខ​ពិសេស​ផ្ទាល់ខ្លួន “​កម្ពុជា 5” ដែល​ទទួលបាន ទឹកប្រាក់​ចំនួន​៨០០ ៤៨០ ០០០​រៀល​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រភេទ​លេខ​ពិសេស​ផ្ទាល់ខ្លួន​មួយ​នេះ លក់បាន​ក្នុងតម្លៃ​ខ្ពស់​គួរ​ជាទី​មោទនៈ​។​

​ថ្លែង​ក្នុង​ពិធី​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គំនិត​ផ្ដួចផ្ដើម របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បានធ្វើឱ្យ​សេវាសាធារណៈ​កាន់តែ​ល្អប្រសើរ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ និង​អាច​បង្កើន​ប្រាក់ចំណូល​ជូន​រដ្ឋ​ផងដែរ​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​អន្តរក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ចការ​របស់ខ្លួន​នាពេល​កន្លងមក ដោយ​ទទួល បាន​នូវ​លទ្ធផល​ល្អប្រសើរ និង​បានស្នើ​ឲ្យ​បន្ត​កិច្ចសហការ​ល្អ​បន្តទៀត ដើម្បីឱ្យ​សេវា​នេះ​កាន់តែ​ល្អ ប្រសើរឡើង​ថែមទៀត និង​អាច​រក​ចំណូល​ជូន​រដ្ឋ​បាន​កាន់តែច្រើន​៕

អត្ថបទដែលជាប់ទាក់ទង