ជនជាតិវៀតណាម ១នាក់ និងគ្រឿងញៀនជាង ៣១គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀននៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២០នេះ បានចេញផ្សាយព័ត៌មានថា នៅវេលាម៉ោង១៤និង៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក១០) នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោក វរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះលេខ៥៧E1 ផ្លូវព្រះស៊ីសុវត្តិ សង្កាត់ចតុមុខ ខណ្ឌចំការមន បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ដកហូតគ្រឿងញៀនជាង ៣១គីឡូក្រាម។
កម្លាំងជំនាញនៃមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន(ក១០) បានបញ្ជាកពីប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់នោះ ដោយទទួលបានលទ្ធផលគឺ ឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ NGUYEN NGOC QUI ភេទប្រុស កើត 28/09/1990 ជនជាតិ
វៀតណាម កាន់អត្តសញ្ញាណប័ណ្ណ(វៀតណាម) លេខ 351862299 ។ ចាប់យកសារធាតុញៀន សរុបទម្ងន់ ៣១.៧០៥,០៦ ក្រាម រួមមាន ៖ ១)កេតាមីន រាវ(Ketamine) ៣០០០ដប ស្មើទម្ងន់ 31.650ក្រាម , ២) កេតាមីន(Ketamine) ទម្ងន់ 4,48 ក្រាម , ៣)អ៊ិចស្តាស៊ី(MDMA) ស្មើទម្ងន់ 33,28 ក្រាម , ៤)មេតំហ្វេតាមីន(ICE) ស្មើទម្ងន់ 4,09 ក្រាម , ៥)មេតំហ្វេតាមីន(គ្រាប់) ទម្ងន់ 13,21 ក្រាម និងចាប់យកសម្ភារ រថយន្ត ១គ្រឿង ទូរស័ព្ទដៃ ១ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នេះ តាមនីតិវិធី ៕