រូបសំណាកប្រធានាធិបតីលោក George Washington ត្រូវក្រុមបាតុករនៃចលនា Black Lives Matter ទាញឲ្យរលំ
រូបសំណាកប្រធានាធិបតីដំបូងបំផុតរបស់សហរដ្ឋអាមេរិក គឺលោក George Washington ត្រូវបានក្រុមបាតុករនៃចលនា Black Lives Matter ទាញឲ្យរលំនៅទីក្រុង Portland នៃរដ្ឋ Oregon សហរដ្ឋអាមេរិក ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន The Sun នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២០។
ហេតុការណ៍ខាងលើបានកើត ឡើង កាលពីវេលាយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ស្របពេលដែល បាតុកម្មនៅតែបន្តកើត មាននៅក្នុងរដ្ឋ Oregon ក្រោយការស្លាប់របស់ George Floyd កាលពីខែឧសភាកន្លងទៅ។
រូបសំណាករបស់លោក Washington នៅទីក្រុង Portland ត្រូវបានទាញឲ្យរលំដោយក្រុមបាតុករប្រមាណ ៤០នាក់ ហើយក្រោយមកត្រូវពួកគេយកទង់ជាតិអាមេរិក ទៅដុតពីលើថែមទៀត។
គួរជម្រាបថា ទង្វើនេះទំនងជាដោយសារតែ លោក Washington ដែលជាបិតាស្ថាបនិកម្នាក់របស់សហរដ្ឋអាមេរិក ធ្លាប់ជាបុគ្គលដែលប្រើទាសករ។ ការបំផ្លាញនិងរំលំរូបសំណាកបែបនេះ ក៏កើតឡើងនៅតាមប្រទេសមួយចំនួនទៀតដែរ ពោលគឺអឺរ៉ុបតែម្តង៕