នូវែលសេឡង់ បានសម្រេចផ្តល់ថវិកាប្រមាណ ៣,៨ លានដុល្លារអាមេរិក សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា
ភ្នំពេញ៖នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នូវែលសេឡង់( New Zealand) បានសម្រេចផ្តល់ថវិកាជាជំនួយឥតសំណងចំនួន ៥,៩ លានដុល្លារញូវហ្សេលែន ប្រមាណ ៣,៨ លានដុល្លារអាមេរិក ក្នុងការចូលរួមការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា រយៈពេល ៦ឆ្នាំ តាមរយៈគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល ដំណាក់កាលទី៤។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននូវែលសេឡង់ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងប្រធានអាជ្ញាធរមីន ក្នុងការផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋតាមសហគមន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន។
អាជ្ញាធរមីន សូមធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ UNDP។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម សម្តេចតេជោ ប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណគុណជូនចំពោះបណ្ដាប្រទេសជាមិត្ត និងដៃគូមួយចំនួនដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌ មានជាអាទិ៍ដូចជា ៖ អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង ន័រវែស ស្វីស អៀរឡង់ អូស្ដ្រាលី កាណាដា ចិន ជប៉ុន កូរ៉េខាងត្បូង អង្គការUNDP និងអង្គការ UNICEF ផងដែរ៕