ទីក្រុងប៉េកាំងរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ២២នាក់បន្ថែម តួលេខសរុបកើនដល់ជាង ២០០ករណី
ប្រទេសបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ២៧នាក់បន្ថែមទៀត គិតត្រឹមថ្ងៃសុក្រ ដោយក្នុងចំណោមនោះមានអ្នកឆ្លងថ្មី ២២នាក់នៅក្នុងទីក្រុងប៉េកាំង។ នេះបើតាមការបញ្ជាក់របស់គណៈកម្មការសុខាភិបាលចិននៅថ្ងៃសៅរិនេះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរចិនបានរកឃើញមានអ្នកឆ្លងរហូតដល់ ៣២នាក់ ក្នុងនោះមានអ្នកឆ្លង ២៥នាក់នៅក្នុងទីក្រុងប៉េកាំង។
អាជ្ញាធរចិនកំពុងតែចាប់ផ្តើមរឹតបន្តឹងការដើរហើររបស់ប្រជាជាននៅក្នុងទីក្រុងប៉េកាំង និងចាត់វិធានការផ្សេងៗ ដើម្បីការពារកុំឲ្យមានការផ្ទុះជាលើកទី ២។
ការផ្ទុះវីរុសត្រូវបានគេជឿជាក់ថា កើតចេញពីផ្សារលក់ម្ហូបដ៏ធំឈ្មោះ Xinfandi ដែលផ្សារនេះផ្គត់ផ្គងសាច់ និងបន្លែចំនួន ៨០ភាគរយទៅដល់ទីប៉េកាំង។
តំបន់យ៉ាងតិចចំនួន ២៧ត្រូវបានគេចាត់ចូលជាតំបន់មានហានិភ័យមធ្យម និងតំបន់ ១ដែលស្ថិតនៅក្បែរផ្សារនោះ ជាតំបន់មានហានិភ័យខ្ពស់ខ្លាំង។
ប្រជាជនដែលរស់នៅក្នុងតំបន់ប្រឈមមធ្យម និងខ្ពស់ មិនអាចចាកចេញពីទីក្រុងបានទេ ចំណែកប្រជាជននៅតំបន់ប្រឈមទាប អាចចាកចេញបាន ប៉ុន្តែត្រូវតែមានការធ្វើតេស្តចេញអវិជ្ជមានសិន។
ជើងហោះហើរជាច្រើន ត្រូវបានលុបចោល ចំណែកសេវាកម្មរថភ្លើង ក៏ត្រូវបានកាត់បន្ថយរហូតយ៉ាងតិច ដល់ថ្ងៃទី ៩ ខែកក្កដា។
សាលាបឋមសិក្សា មធ្យមសិក្សា និងមហាវិទ្យាល័យត្រូវបានផ្អាក ចំណែកក្រុមកីឡាមិនអាចលេងបាន ខណៈដែលអាងហែលទឹក និងកន្លែងហាត់ប្រាណត្រូវបានបិទ។
ប៉ុន្តែ ផ្លូវនៅតែបន្តបើក ហើយក្រុមហ៊ុន និងរោងចក្រ នៅតែបន្តដំណើរដដែល។
តួលេខនៃអ្នកឆ្លងសរុបមានចំនួន ៨៣.៣៥២នាក់ និងស្លាប់ ៤.៦៣៤នាក់។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា បានផ្ទុះដំបូងចេញពីទីក្រុងវូហាន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅកាន់ទូទាំងពិភពលោក។ បច្ចុប្បន្ន តួលេខចុងក្រោយ មានអ្នកឆ្លងវីរុសមានចំនួនជាង ៨,៦៣លាននាក់ និងសម្លាប់មនុស្សជាង ៤៥៩.០០០នាក់ទូទាំងពិភពលោក។ អ្នកជាសះស្បើយមានជាង ៤,២៣លាននាក់៕