តាំងពិព័រណ៍បង្ហាញពេលវេលាជាប្រវត្តិសាស្ត្រមួយ នៃថ្ងៃទី២០មិថុនា មានរូបភាពចំនួន១០៧សន្លឹក, រូបគំនូរចំនួន៣៦ផ្ទាំង និងផែនទីចំនួន៦ផ្ទាំង នៅក្នុង «មជ្ឈមណ្ឌលឯកសារកោះថ្ម»
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីរំលឹកខួបលើកទី៤៣ នៃទិវាចងចាំពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន ប្រារព្ធធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ មានការរៀបចំដាក់តាំងពិព័រណ៍បង្ហាញពេលវេលាជាប្រវត្តិសាស្ត្រមួយ ដែលមានរូបភាពចំនួន១០៧សន្លឹក, រូបគំនូរចំនួន៣៦ផ្ទាំង និងផែនទីចំនួន៦ផ្ទាំង នៅក្នុង «មជ្ឈមណ្ឌលឯកសារកោះថ្ម»។
មជ្ឈមណ្ឌលឯកសារកោះថ្មនេះ គឺផ្តើមចេញពីគំនិតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ ជាមួយនឹងលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងដំណើរកម្មសិក្សានៅតំបន់កោះថ្មនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
នៅលើផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា “ថ្ងៃទី២០ ខែមិថុនា គឺជាខួបលើកទី៤៣ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២០) នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិត ធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវ ទឹកភ្នែករាប់ម៉ឺន រាប់សែនដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយាដ៏កម្សត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូតសព្វថ្ងៃនេះ”។
នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើលិខិតស្នើសុំបន្ទប់រៀនចំនួន២បន្ទប់នៅក្នុងសាលា បឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម ស្ថិតនៅក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រាប់រៀបចំជាសារមន្ទីររក្សាទុកឯកសារស្រាវជ្រាវ ដោយសហការរៀបចំនិងប្រតិបត្តិជាមួយនឹងមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ លិខិតពីឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពលើសំណើរសុំបន្ទប់សិក្សាចំនួន២នេះ។ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជារួមមាន ឡុង ដានី, ផេង ពង្សរ៉ាស៊ី, លី កុកឆាយ, សូ ហ្វារីណា, លឹម យ៉ុងហួត និងសុខ វណ្ណៈ បានរៀបចំតម្លើងផ្ទាំងពិព័រណ៍រូបថត និងរចនាមជ្ឈមណ្ឌលឯកសារកោះថ្មនេះឡើង។ ឯកសារពិព័រណ៍បង្ហាញពេលវេលាជាប្រវត្តិសាស្ត្រនេះ យកចេញពី ១) ឯកសារខ្មែរក្រហម ២) ឯកសារអាមេរិក និង៣) ឯកសារវៀតណាម និងរូបភាពទាំងឡាយផ្តើមចេញពីអ្នកថតរូបចំនួន៥រូប គឺ ១) ម៉ៃឡាំ អ្នកថតរូបវៀតណាម, ២) ស៊ីលវ៉ាណាហ្វូ័រ អ្នកថតរូបអាមេរិក, ៣) ដេវីត ហ៊ក អ្នកថតរូបអាមេរិក, ៤) ឆាំង យុ អ្នកថតរូបកម្ពុជា និង៥) ហ្គ៊ុនណា បឺតស្ត្រម អ្នកថតរូបស៊ុយអែត និង រូបគំនូរទាំង៣៦ផ្ទាំង គូរដោយវិចិត្រករ អ៊ុត រឿន។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាអ្នករៀបចំពិព័រណ៍នេះ ដើម្បីជាការចាប់ផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលឯកសារកោះថ្ម សហការជាមួយក្រុមការងារវិមានឈ្នះឈ្នះ តំបន់ប្រវត្តិសាស្ត្រយោធានៃក្រសួងការពារជាតិ។ មជ្ឈមណ្ឌលឯកសារកម្ពុជា និងក្រុមការងារប្រវត្តិសាស្ត្រយោធា នឹងខិតខំពង្រឹងកិច្ចសហការ ឲ្យមានការសិក្សាស្វែងយល់ និងស្រាវជ្រាវអំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ឲ្យកាន់តែប្រសើរជាងសព្វដង សម្រាប់ជាចំណេះចេះដឹងដល់យុវជនយុវនារីជំនាន់ក្រោយ។ មជ្ឈមណ្ឌលឯកសារកោះថ្មនេះ ក៏មានតួនាទីជាទីតាំងបណ្តោះអាសន្នសម្រាប់រៀបចំធ្វើសារ មន្ទីរក្រោមលំហមេឃមួយ នៅលើផ្ទៃ ដីនៅចំពីមុសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះថ្ម។
រូបថតដែលបានដាក់តាំងបង្ហាញទាំង អស់ គឺជាបណ្តុំរូបថតបន្សល់ទុកពីទសវត្សរ៍ឆ្នាំ១៩៦០រហូតដល់ទសវត្សរ៍ឆ្នាំ១៩៩០។ រូបថតទាំងនេះបង្ហាញដល់អ្នកទស្សនាអំពីព្រឹត្តិការ ណ៍ ជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលចាប់ផ្តើមពីការធ្វើសង្គ្រាមនៅតាមព្រំប្រទល់កម្ពុជា-វៀតណាម ជាពិសេសនៅតំបន់កោះថ្ម ឃុំទន្លូង និងភូមិមួយចំនួនក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ), ការកកើតនិងគ្រប់គ្រងប្រទេសទាំងស្រុងរបស់ខ្មែរក្រហមក្នុងចន្លោះឆ្នាំ១៩៧៥ដល់១៩៧៩ ដែលបង្កឲ្យមានមហន្តរាយ យ៉ាងធ្ងន់ ធ្ងរ ដល់ជីវិតប្រជាជនកម្ពុជាជាង២ លាននាក់និងហេដ្ឋារចនាសម្ព័ន្ធប្រទេសទាំងមូល, ដំណើរឆ្ពោះទៅការផ្តួលរំលំរបបខ្មែរក្រហម និងជីវិតរស់ នៅប្រចាំថ្ងៃបន្ទាប់ពីរបបខ្មែរក្រហម ព្រមទាំងភស្តុតាងឧក្រិដ្ឋដែលបន្សល់ ទុកពីរបបនេះ រហូតឈានដល់ការផ្តួចផ្តើមគំនិតបង្កើតគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដើម្បីបង្រួប បង្រួមប្រទេសទាំងមូលដោយ សន្តិភាពនិងសន្តិវិធី។
ពិព័រណ៍រូបថតបង្ហាញពីសំណល់សង្គ្រាមទសវត្សរ៍៦០ ដល់៧០ នៅតំបន់កោះថ្ម ក្នុងឃុំជាំក្រវៀន ពិព័រណ៍ផ្នែកនេះ បង្ហាញពីការធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់អាមេរិក និងមូលដ្ឋានទ័ពរបស់វៀតណាមខាងជើង ឬវៀតកុង នៅក្នុងទឹកដីឃុំជាំក្រវៀន ស្រុកមេមត់។ រូបឧទ្ធម្ភាគ ចក្រដែលកំពុងបន្ទាបខ្លួនចុះ មាន ឈ្មោះសម្គាល់ថា អេអេច-វ័នហ្ជី កូប្រា បានធ្លាក់នៅចម្ងាយប្រមាណ ១០០ ម៉ែត្រ ភាគខាងលិចភូមិដង្ហិត ឃុំជាំក្រវៀន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៩៧០។ រូបថតមួយសន្លឹកទៀត ដែលអាចមើលឃើញថា ជាប្រភេទឧទ្ធម្ភាគចក្រមានកង្ហារពីរមុខនិងក្រោយ មានឈ្មោះសម្គាល់ថា ជីនុក បានធ្លាក់នៅចំណុចខាងជើងភូមិដង្ហិត ឃុំជាំក្រវៀន។អ្នកភូមិបានប្រាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ ជីនុក ថាបានធ្លាក់នៅក្នុងឆ្នាំ១៩៧០។ រូបថតមួយសន្លឹកទៀត ជាប្រភេទឧទ្ធម្ភាគចក្រ អូ អេជ-៦ បានធ្លាក់នៅក្បែរស្រះទឹកមួយក្នុងភូមិរបងច្រុះ ឃុំជាំក្រវៀន ដែលមានចម្ងាយប្រមាណ៥០០ម៉ែត្រពីព្រំប្រទល់វៀតណាមក្នុងឆ្នាំ១៩៧០ ។ ចំណែករូបថតពីរសន្លឹកទៀតនៃផ្នែកនេះ បង្ហាញពីមូលដ្ឋានទ័ពរបស់វៀតណាមខាងជើង ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណ១ពាន់៥រយម៉ែត្រប៉ែកខាងជើងភូមិសាទុំ និង៧ គីឡូម៉ែត្រប៉ែកឦសានភូមិសាទុំ ឃុំជាំក្រវៀន ក្នុងទឹកដីប្រទេសកម្ពុជា។ មូលដ្ឋានទាំងពីរនេះ ត្រូវបានសាង សង់ឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៦០។ រូបថតបង្ហាញពីទាហានរបបសាធារណរដ្ឋខ្មែរវ័យជំទង់ពីររូប ឈរស្ពាយគ្រាប់និងកាំភ្លើងនៅសង ខាងស្ត្រីអ្នកកាសែតដែលជាជនជាតិអាមេរិក គឺជាមូលដ្ឋានទ័ពមួយត្រូវបានប្រើប្រាស់ជាមន្ទីរ១០០របស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៥។ អ្នកថតរូប និងជាអ្នកកាសែតរូបនេះមានឈ្មោះថា ស៊ីលវ៉ាណា ហ្វូ័រ គឺជាអតីតអ្នកឆ្លើយឆ្លងព័ត៌មានបរទេស និងអ្នកជំនាញកិច្ច ការសាធារណៈ។ គាត់គឺជាស្ត្រីដំបូងដែលបម្រើការជានិពន្ធនាយករបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិដ៏ធំមួយនៃបណ្តាញទូរទស្សន៍អាមេរិក និងជាស្ត្រីដំបូងបង្អស់ដែលបម្រើការជាអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។ នៅខែមេសា ឆ្នាំ១៩៧៣លោកស្រីត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជាដោយ សារតែលោកស្រីបានធ្វើសេចក្តីរាយ ការណ៍អំពីរដ្ឋាភិបាលសហរដ្ឋអាមេ រិក ចំពោះសកម្មភាពទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់លោកស្រី បានធ្វើឲ្យព្រឹទ្ធសភាអាមេរិកចេញបញ្ជាឲ្យបញ្ឈប់ជា បន្ទាន់នូវការទម្លាក់គ្រាប់បែកនៅកម្ពុជា។ បច្ចុប្បន្ន លោកស្រីរស់នៅក្នុងប្រទេសអ៊ីស្រាអែល។
ពិព័រណ៍រូបថតបង្ហាញពីជីវិតក្នុងរបប ប៉ុល ពត រូបថតជាច្រើនសន្លឹកក្នុងផ្នែកនេះ បង្ហាញពីប្រជាជនកម្ពុជាទាំងចាស់ទាំងក្មេង ធ្វើការងារពលកម្ម លើកទំនប់ ជីក ប្រឡាយ ធ្វើស្រែ កសាងប្រព័ន្ធធារាសាស្ត្រ និងកំណែនកុមារានិងកុមារីឲ្យធ្វើជាកងទ័ពចូលប្រយុទ្ធក្នុងសមរភូមិប្រឆាំងនឹងកងទ័ពវៀតណាម។ ពុំមានរូបថតមួយសន្លឹកណាទេ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ខ្មែរក្រហមក្នុងវិស័យអប់រំ។ ក្មេងៗនិងយុវជនយុវនារី ត្រូវបង្ខំឲ្យធ្វើការងារពលកម្មស្រែចម្ការ និងបង្ខំឲ្យចូលរួមប្រយុទ្ធនៅក្នុងសមរភូមិ។ សម្លៀកបំពាក់ខ្មៅ គឺជាឯកសណ្ឋានដែលសម្គាល់ពីភាពស្នើភាពគ្នា គ្មានវណ្ណៈសង្គម និងសមូហភាព។ ការងារពលកម្ម និងធ្វើស្រែចម្ការ គឺជាទិសដៅកំណត់ពីអង្គការថ្នាក់លើ ដើម្បីឈានដល់ការអភិវឌ្ឍន៍ប្រទេសឲ្យក្លាយទៅជាប្រទេសដែលមានវិស័យកសិកម្មជឿនលឿនលើសាកលលោក។
ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរក្រហមបាននាំប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងសោកនាដកម្មយ៉ាងធ្ងន់ ធ្ងរ ដែលបណ្តាលឲ្យបាត់បង់ជីវិតប្រជាជនកម្ពុជាប្រមាណជាងពីរលាននាក់។ មេដឹកនាំកំពូលៗនៃរបបនេះ ត្រូវនាំខ្លួនមកកាត់ទោសពីបទឧក្រិដ្ឋដែលខ្លួនបានប្រព្រឹត្ត គឺបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ រូបថតទាំងអស់នេះ ថតក្នុងឆ្នាំ១៩៧៧ និង១៩៧៨ ដោយអ្នកថតរូបខ្មែរ ក្រហមមិនស្គាល់ឈ្មោះម្នាក់ និងអ្នកសារព័ត៌មានជនជាតិស៊ុយអែតឈ្មោះ ហ្គូណា បឺតស្ត្រម និងមានតម្កល់នៅក្នុងបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា។ ហ្គូណា បឺតស្ត្រម បានមកធ្វើទស្សនកិច្ចនៅកម្ពុជាប្រជាធិបតេយ្យ ក្នុងខែសីហា ឆ្នាំ ១៩៧៨។ គាត់ គឺជាអ្នកគាំទ្រខ្មែរ ក្រហមម្នាក់លើវិស័យនយោបាយ សង្គម និងសេដ្ឋកិច្ច។ ហ្គូណា ធ្លាប់ជួបដោយផ្ទាល់ជាមួយ ប៉ុល ពត ហើយគាត់ត្រូវបានបំផុសគំនិតថា ការកសាងសង្គមមួយ គឺត្រូវពឹងផ្អែកលើភាពឯករាជ្យម្ចាស់ការ និងសមភាព។ នៅឆ្នាំ ២០០៨ និងឆ្នាំ ២០១៦ ហ្គូណា បានមកទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីធ្វើការសុំទោសជាសាធារណៈដល់អ្នករស់រានមាន ជីវិតពីរបបខ្មែរក្រហម និងបានបង្រៀនដល់ក្មេងៗជំនាន់ក្រោយឲ្យខិតខំថែរក្សា និងចងចាំពីប្រវត្តិ សាស្ត្រខ្លួនឯងក្នុងន័យទប់ស្កាត់អំពើប្រល័យពូជសាសន៍កើតឡើងម្តងទៀត។ ហ្គូណា បឺតស្ត្រម សព្វថ្ងៃនេះគាត់រស់នៅទីក្រុងស្តុកឃម ប្រទេសស៊ុយអែត។
ពិព័រណ៍រូបថត និងរូបភាពបង្ហាញពីដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧រូបថត និងរូបគំនូរដែលមាននៅក្នុងផ្នែកនេះ គឺជាដំណើរដ៏គ្រោះថ្នាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលឆ្នាំ១៩៧៧ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងគោលបំណងប្រមូលកម្លាំងអ្នកតស៊ូស្នេហាជាតិ ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩៧៧ គឺជាថ្ងៃដែលសម្តេចតេជោ និងយុទ្ធមិត្តដ៏ស្មោះស្ម័គ្រ៤រូបទៀត សម្រេចចិត្តរត់ចេញទាំងក្តីបារម្ភបំផុតពីបន្ទាយកោះថ្ម ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ដែលជាទីតាំងបន្ទាយឈរជើងរបស់សម្តេចតេជោក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សម្តេចនិងយុទ្ធមិត្ត បានធ្វើដំណើរឆ្លងកាត់អូរតូចមួយប៉ុន្តែនៅក្នុងមហិច្ឆ តាដ៏ធំបំផុត ក្នុងតំបន់អាងកាច់ ដែលខណ្ឌចែកព្រំដែននៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ទឹកដីវៀតណាម។ នៅក្នុងទឹកដីវៀតណាម សម្តេចនិងយុទ្ធមិត្ត បានលាក់អាវុធនិងសម្ភារៈផ្សេងៗ រួចធ្វើដំណើរដោយថ្មើរជើងចូលទៅកាន់ភូមិមួយ ជាទីកន្លែងដែលសម្តេចនិងយុទ្ធមិត្តទទួលបាន ការស្វាគមន៍រាក់ទាក់ពីប្រជាជនវៀត ណាម មុនពេលដែលប្រជាជនវៀត ណាមទាំងនោះនាំសម្តេចនិងយុទ្ធមិត្តទាំងអស់ ទៅកាន់ទីស្នាក់ការឃុំរបស់វៀតណាម។
សម្តេចតេជោ ត្រូវបានភាគីវៀតណាមសួរចម្លើយជាលើកទីមួយនៅទីនោះ។ បន្ទាប់មក សម្តេច ហ៊ុន សែន ត្រូវបានបញ្ជូនទៅកាន់ស្រុកមិញភឿក ជាទីកន្លែងដែលសម្តេចត្រូវសួរចម្លើយម្តងទៀតពីកម្មាភិបាលថ្នាក់ស្រុក។ នៅឆ្នាំ១៩៧៨ សម្តេច ហ៊ុន សែន បានក្លាយជាសមាជិកស្ថាបនិកនៃ រណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ដោយមានការសហការជាមួយចលនាស្នេហាជាតិនានានិងការគាំទ្រពីកងកម្លាំងស្ម័គ្រ ចិត្តវៀតណាម រណៈសិរ្សនេះបានសង្គ្រោះប្រទេស និងប្រជាជនកម្ពុជាទាំងស្រុងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
រូបគំនូរពីដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចតេជោ គូរដោយវិចិត្រករ អ៊ុត រឿន។ លោក អ៊ុត រឿន បានចាប់ផ្តើមគូរគំនូរដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ លោកបានបោះពុម្ពសៀវភៅគំនូររឿង ព្រះថោងនាងនាគ, ធនញ្ជ័យ និងទុំទាវ។ ក្នុងរបបខ្មែរក្រហម លោកត្រូវខ្មែរក្រហមតម្រូវឲ្យគូរគំនូរស្តីអំពី «ផែនការសាងសង់សម្រាប់អង្គការបដិវត្តន៍»។ លោក អ៊ុត រឿន បានចូលនិវត្តន៍នៅឆ្នាំ២០០១។ បច្ចុប្បន្ន លោកគឺជាវិចិត្រករនៅវិមាន ឈ្នះ ឈ្នះ។
ពិព័រណ៍រូបថតបង្ហាញពីការវិលត្រឡ ប់មកស្រុកភូមិវិញក្នុងឆ្នាំ១៩៧ ១៩៧៩ បន្ទាប់ពីការដួលរលំរបប ប៉ុល ពត រូបថតទាំងអស់នៅក្នុងផ្នែកនេះ ដែលត្រូវបានថតឡើងក្នុងឆ្នាំ ១៩៧៩និង១៩៨០ ដោយអ្នកថត រូបជនជាតិវៀតណាមពីររូបគឺ ឌិញ ហ្វុង និងហូ វ៉ាន់តាយ បង្ហាញពីជ័យ ជំនះលើរបបខ្មែរក្រហម តាមរយៈការចូលដល់ទីក្រុងភ្នំពេញរបស់កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងស្ម័គ្រចិត្តវៀតណាម នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ និងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា។ បន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាប្រមាណ៥លាននាក់ ដែលភាគច្រើនជាកុមារ និងស្ត្រីម៉េមាយ បានរួចរស់ជីវិតពីរបបខ្មែរក្រហម និងបានវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ខ្លួនវិញ។ រូបថតបានបង្ហាញពីការធ្វើដំណើរដោយឥតគោលដៅ ប៉ុន្តែប្រកបដោយក្តីសង្ឃឹមថ្មី និងជីវិតវេទនារបស់ក្មេងកំព្រា, ការវិលត្រឡប់មកកាន់ស្រុកកំណើតរបស់ប្រជាជនដោយគ្មានស្បែកជើង និងការបង្ហាញពីស្លាកស្នាមធ្វើទារុណកម្មរបស់ខ្មែរក្រហម ព្រមទាំងពិការភាពដែលបន្សល់ទុកដោយខ្មែរក្រហម។
ឌិញ ហ្វុង និងហូ វ៉ាន់តាយ គឺជាអតីតអ្នកថតភាពយន្តឯកសារ «គុកទួលស្លែង» ដំបូងបង្អស់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៩។ អ្នកទាំងពីរ បានចូលទៅកាន់គុកទួលស្លែងតាមរយៈក្លិនស្អុយរបស់សាកសព និងបានថតរូបជាច្រើនសន្លឹកពីទិដ្ឋភាពក្នុងគុក ព្រមទាំងបានជួយសង្គ្រោះក្មេងកំព្រា៥នាក់ដែលឪពុកម្តាយត្រូវបានសម្លាប់ដោយខ្មែរក្រហម។ សព្វថ្ងៃ ហូ វ៉ាន់តាយ រស់នៅខណ្ឌប៊ិនថាញ់។
ពិព័រណ៍រូបថតបង្ហាញពីរូបភាពបទ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ រូបថតច្រើនសន្លឹកនៅក្នុងផ្នែកនេះ បង្ហាញពីការសម្លាប់រង្គាលរបស់ខ្មែរក្រហមមកលើប្រជាជនកម្ពុជា ក្នុងរយៈពេលនៃការកាន់កាប់ប្រទេសពីឆ្នាំ ១៩៧៥ ដល់១៩៧៩។ ថ្វីត្បិតតែមានប្រជា ជនកម្ពុជាជាច្រើននាក់បានស្លាប់ដោយសារជំងឺ ហូបមិនគ្រប់គ្រាន់ ធ្វើការហួសកម្លាំង និងធ្វើទារុណកម្មក៏ដោយ ក៏នៅមានប្រជាជនកម្ពុជាជាច្រើននាក់ផ្សេងទៀត ត្រូវបានសម្លាប់ក្រោមរូបភាពធ្វើបន្សុទ្ធកម្មដើម្បីស្វែងរកសមាសភាពក្បត់នឹងអង្គការបដិវត្តន៍ ដូចជាគិញសម្ងាត់សេអ៊ីអារបស់អាមេរិក គិញសម្ងាត់កាហ្សេបេរបស់រុស្ស៊ី និងទាហាននិងមន្ត្រីរដ្ឋការរបស់របបសាធារណរដ្ឋខ្មែរជាដើម។ ខ្មែរក្រហមបានបង្កើតឲ្យមានមន្ទីរសន្តិសុខ ឬគុកចំនួន១៩៧ កន្លែងដើម្បីឃុំឃាំង ធ្វើទារុណកម្ម សួរចម្លើយ និងសម្លាប់អ្នកទោស។ មន្ទីរសន្តិសុខទាំងនោះ បានប្រព្រឹត្តឡើងជាលក្ខណៈប្រព័ន្ធ ចាប់តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់មជ្ឈិម (មន្ទីរ ស-២១)។
នៅដើមឆ្នាំ១៩៨០ ឆ្អឹងលលាដ៏ក្បាល ឆ្អឹងដងខ្លួន និងឆ្អឹងអវៈយវៈរបស់ជនរងគ្រោះ ត្រូវបានប្រមូលទុកដាក់នៅក្នុងស្តូប ឬចេតីយ៍ក្នុងបរិវេណវត្តអារាមនៅតាមទីកន្លែងដែលស្ថិតនៅជិតៗទីតាំងសម្លាប់ ដើម្បីធ្វើជាភស្តុតាង និងសម្រាប់ធ្វើបុណ្យតាមប្រពៃណីសាសនា។ នៅថ្ងៃ២០ ខែឧសភា រៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាទូទាំងប្រទេស តែង តែធ្វើពិធីបង្សុកូលគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅក្នុងរបបខ្មែរក្រហម។
រូបថតទាំងអស់នេះ ថតដោយ ម៉ៃឡាំ នៅក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ ១៩៧៩។ ម៉ៃឡាំ បានមកដល់ប្រទេសកម្ពុជា ប្រហែលនៅក្នុងខែកុម្ភៈ ឬ មីនា ឆ្នាំ១៩៧៩ ក្នុងតួនាទីជាវរសេនីយ៍ឯករបស់កងទ័ពវៀតណាម។ គាត់មានចំណេះដឹងផ្នែកច្បាប់ជ្រៅជ្រះ និងមានជំនាញខាងរៀបចំ និងប្រតិបត្តិសារមន្ទីរបែបវិទ្យាសាស្ត្រ។ ម៉ៃឡាំ បានទទួលភារកិច្ចដ៏សំខាន់មួយ ក្នុងការរៀបចំឯកសារទាំងអស់ដែលត្រូវបានរកឃើញនៅក្នុងមន្ទីរ ស-២១ ឲ្យទៅជាសារមន្ទីរមួយ ដែលមានឈ្មោះហៅថា «សារមន្ទីរនៃសុបិនអាក្រក់របស់កម្ពុជា»។ កិច្ចការរបស់គាត់ គឺជាកិច្ចការដ៏មានតម្លៃ និងជាភស្តុតាងក្នុងការបង្កើតតុលាការប្រជាជនបដិវត្តន៍កម្ពុជាក្នុងខែសីហា ឆ្នាំ១៩៧៩ ដើម្បីកាត់ទោស ប៉ុល ពត និងអៀង សារី ពីបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ពិព័រណ៍រូបថតបង្ហាញពីរូបភាពជីវិតប្រចាំថ្ងៃនៅទសវត្សរ៍៨០ រូបថតប៉ុន្មានសន្លឹកនៅក្នុងផ្នែកនេះ ដែលថតដោយលោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា និងប្រវតិ្តវិទូសញ្ជាតិអាមេរិក ដេវីត ហ៊ក បង្ហាញពីផ្នែកសំខាន់ៗចំនួនបួនគឺ ការចរាចរណ៍ទីផ្សារនិងវិស័យគមនាគមន៍, ការស្តារឡើងវិញនូវវិស័យព្រះពុទ្ធសាសនា និងការមិនរើសអើងពូជសាសន៍, សេរីភាពក្នុងការប្រកបការងារនិងរស់រាន, និងការចាប់ផ្តើមឡើងវិញនៃវិស័យអប់រំ។ រយៈពេលជាង៤០ឆ្នាំក្រោយរបបខ្មែរក្រហម កម្រងរូបថតទាំងនេះ ក្លាយជាកម្រងរូបថតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន និងជាផ្នែកមួយនៃដំណើរការស្វែងរកយុត្តិធម៌សម្រាប់សង្គមកម្ពុជានាពេលបច្ចុប្បន្ន។
លោក ឆាំង យុ បានមានប្រសាសន៍ថា «ការចងចាំពីអំពើប្រល័យពូជសាសន៍ នៅតែជាផ្នែកមួយនៃអត្តសញ្ញាណរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន និងជាច្រើនជំនាន់ទៀត ទៅថ្ងៃអនាគត។ សង្គមមួយមិនអាចស្គាល់ខ្លួនឯងបានទេ ប្រសិនបើសង្គមនោះពុំមានការចងចាំច្បាស់លាស់អំពីប្រវត្តិសាស្ត្ររបស់ខ្លួន»។ ប្រវត្តិវិទូ ដេវីត ហ៊ក បានអធិប្បាយថា «អ្នករស់រានមានជីវិតក្រោយរបបខ្មែរក្រហមជាច្រើន បានព្យាយាមកប់ចោលនូវអតីតកាលរបស់ខ្លួន ប៉ុន្តែវានៅតែជាអតីតកាលនិងជាអត្តសញ្ញាណរបស់ខ្លួនជានិច្ច។ ប្រជាជនខ្មែរដែលកើតក្រោយរបបខ្មែរក្រហម បានព្យាយាមស្វែងយល់អំពីមូលហេតុដែលបណ្តាលឲ្យសោកនាដកម្មក្នុងអតីតកាលកើតមានឡើង ឬអ្នកទាំងនោះប្រហែលជានៅមានមន្ទិលសង្ស័យថា តើសោកនាដកម្មទាំងនោះបានកើតឡើងពិតមែន ឬយ៉ាងណា»។
ប្រវត្តិវិទូ ដេវីត ហ៊ក គឺជាអ្នកប្រមែ ប្រមូលឯកសារខ្មែរក្រហមដំបូង បង្អស់ និងបានបង្កើតគណកម្មការមួយដើម្បីប្រមូល រៀបចំ ថែរក្សា និងចងក្រងឯកសារខ្មែរក្រហមនៅកម្ពុជា ក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ១៩៨០។ កិច្ចការស្រាវជ្រាវរបស់លោកទៅលើប្រវត្តិសាស្ត្រខ្មែរក្រហមបានបង្ហាញ ថា ប្រជាជនកម្ពុជាប្រមាណពី១លានទៅ៣លាននាក់ ក្នុងចំណោមប្រជាជនសរុប៧លាននាក់ ត្រូវបានសម្លាប់ ហើយវប្បធម៌ទាំងមូលត្រូវបានបំផ្លិចបំផ្លាញជាប្រព័ន្ធ។ លោក ដេវិដ ហ៊ក ក៏ដូចជាលោក ឆាំង យុ សព្វថ្ងៃអ្នកទាំងពីរ ផ្តោតការស្រាវជ្រាវមួយផ្នែកធំនៅក្នុងប្រទេសកូរ៉េ ខាង ជើង និងប្រទេសភូមា។
ពិព័រណ៍រូបថតបង្ហាញពីរូបសម្តេចហ៊ុន សែន ដែលចាប់ផ្តើមគិតពីគោលនយោបាយឈ្នះ ឈ្នះ រូបថតសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភាជាតិ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ការជជែកពិភាក្សារបស់សម្តេច គឺបានផ្តោតសំខាន់ទៅលើការផ្តួចផ្តើមគំនិតក្នុងការបង្កើតគោល នយោបាយ ឈ្នះ ឈ្នះ ដែលនាំទៅដល់ការបង្រួបបង្រួមជាតិទាំងមូល រវាងក្រុមឧទ្ទាមផ្តាច់ខ្លួនខ្មែរក្រហម និងរដ្ឋាភិបាលកម្ពុជា ដោយសន្តិភាពនិងសន្តិវិធី កាលពីឆ្នាំ១៩៩៨។
ពិព័រណ៍នេះ គឺជាផ្នែកមួយនៃការងារអប់រំពីអំពើប្រល័យពូជសាសន៍ នៅកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា នៅតាមបណ្តាខេត្តដទៃទៀតនៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ រំពឹងថា ក្រុមប្រវត្តិសាស្ត្រយោធា នឹងខិតខំពង្រឹងកិច្ចសហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា បន្តការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនេះឲ្យកាន់តែច្បាស់លាស់ជាងមុន ដើម្បីជាចំណេះចេះដឹងរបស់កូនខ្មែរជំនាន់ក្រោយៗទៀត មិនឲ្យភ្លេចពីវិនាសកម្មដ៏ជូរចត់ក្នុងប្រវត្តិសាស្ត្រកម្ពុជា៕