ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី កោតសរសើរ ប្រជាពលរដ្ឋរើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោដែលបានប្រឹងប្រែងរស់ ជាមួយមុខរបបសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តបទល្មើសដែលសង្គមស្អប់ខ្ពើម

95

ភ្នំពេញ៖ លោកឃួង ស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមរាជធានីភ្នំពេញនិងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានសម្ដែងនូវការកោតសរសើរ ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោ ដែលបានប្រឹងប្រែងរស់នៅ ដោយការរើសអេត ចាយ នៅទីលានចាក់សំរាមដើម្បីចិញ្ចឹមជីវិត ដោយមិនបានប្រព្រឹត្តបទល្មើសដែលខុសនឹងច្បាប់ បើទោះបីបងប្អូនមានការពិបាកក្នុងជីវភាពគ្រួសារយ៉ាងណាក្តី

   លោកឃួង ស្រេង បន្តថា បងប្អូនអ្នករើសអេតចាយនៅទីលានចាក់សំរាម បានប្រកប ការរកស៊ីដោយសុច្ចរិតទៀងត្រង់ មិនប្រព្រឹត្តនូវបទល្មើស លួច ឆក់ ប្លន់ដែលជាបទល្មើសមួយខុសច្បាប់ឡើយ។ នេះពិតជាបានបង្ហាញអោយឃើញថា បងប្អូនជាប្រជាពលរដ្ឋល្អរស់នៅក្នុងសង្គមដ៏ត្រឹមត្រូវមួយ។

  លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ស្ថេរភាពនៅក្នុងសង្គម គឺផ្ដើមឡើងពីប្រជាពលរដ្ឋយើងទាំងអស់គ្នាចូលរួម បើប្រជាពលរដ្ឋមិនបានចូលរួមក្នុងការរក្សាស្ថេរភាពសង្គមទេ សង្គមរបស់យើង ក៏មិនមានស្ថេរភាពល្អបានដែរ។

    លោកឃួង ស្រេងក៏បានណែនាំដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរ រើសអេតចាយនៅទីលានចាក់សំរាមខណ្ឌដង្កោទាំងអស់ ក្រោយបញ្ចប់ជម្ងឺកូវីដ១៩ បងប្អូនត្រូវជំរុញកូនចៅឲ្យទៅសិក្សារៀនសូត្រនៅតាមសាលានានា ដោយហេតុថាកូនចៅរបស់បងប្អូននេះហើយ ជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិរបស់យើង ដូច្នេះត្រូវតែជំរុញការបណ្ដុះបណ្ដាលពួកគាត់ឲ្យមានចំណេះដឹងអោយបានខ្ពង់ខ្ពស់។

   ការសម្តែងការកោតសរសើរនិងជម្រុញខាងលើនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈដែល លោកនិងលោកស្រី ជា ស៊ីណា ឃួង ស្រេងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនអ្នករើសសំរាម ( អេតចាយ) ចំនួន៣៩៤គ្រួសារ ក្នុងទីលានចាក់សំរាមដង្កោ រាជធានីភ្នំពេញ។

   គួរបញ្ជាក់ថា អំណោយដែលបានប្រគល់ជូននេះរួមមាន៖ អង្ករ២៥គីឡូក្រាម មី០១កេសតូច ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ត្រីខកំប៉ុង០១ដុំ ម៉ាស់០១ដុំ ទឹកដោះគោកញ្ចប់១៨កញ្ចប់ និងថវិកាចំនួន៣០.០០០រៀលក្នុងមួយគ្រួសារ ដើម្បីរួមចំណែក និងកាត់បន្ថយការចំណាយក្នុងជីវភាពគ្រួសារបានមួយចំណែក៕

 

អត្ថបទដែលជាប់ទាក់ទង