នៅថ្ងៃទី២៤ មិថុនា រដ្ឋាភិបាល នឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”
ភ្នំពេញ៖សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2020 នេះបានថ្លែងសារនៅលើហ្វេសប៊ុកផ្លូវការថា បងប្អូនជនរួមជាតិនិងក្មួយៗជាទីនឹករលឹក។ ទោះបីខ្ញុំមិនបានចុះទៅជួបបងប្អូនកូនក្មួយដោយផ្ទាល់នៅតាមមូលដ្ឋាន ឬតាមរោងចក្រសហគ្រាសនានា ប៉ុន្តែសេចក្តីនឹករលឹករបស់ខ្ញុំតែងតែដក់ជាប់នឹកគិតដល់បងប្អូនជនរួមជាតិគ្រប់ៗគ្នាជានិច្ច ហើយ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩”។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទដាច់ស្រយាលមួយចំនួន ក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានា ដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។
សម្តេចបានបន្តថា
សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព កុំឲ្យឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ។
ចំពោះក្រុមហ៊ុន និងអ្នកគ្រប់គ្រងនៅតាមទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដូចជាផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីពេទ្យព្យាបាលទាំងរដ្ឋនិងឯកជន ត្រូវមានទឹកអាល់កុល និងម៉ាស ដើម្បីឲ្យពលរដ្ឋឬអតិថិជនប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ពីម្នាក់ទៅម្នាក់ព្រោះតែការមើលស្រាលនិងការធ្វេសប្រហែស។
សូមជូនពរបងប្អូនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងមានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរជិតឆ្ងាយនៅទូទាំងប្រទេស៕