ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះអស់៦ខ្នង នៅស្រុកមង្គលបូរី សមត្ថកិច្ចសង្ស័យថា មានមនុស្សលួចដុត

118

​បន្ទាយមានជ័យ​ ៖​ ក្នុងហេតុការណ៍អគ្គីភ័យបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់នោះ សមត្ថកិច្ច អាជ្ញាធរ​ និងប្រជាពលរដ្ឋបានដាក់ការសង្ស័យមានមនុស្សលួចដុត ។ករណីអគ្គីភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីយប់​ ថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២០ នៅភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
​នៅក្នុងហេតុការណ៍ចុះជួយអន្តរាគមន៍ជួយពន្លត់អគ្គីភ័យនោះដែរគេសង្កេតឃើញមាន អាជ្ញាធរ ប្រជាពលរដ្ឋ និងកងកម្លាំងយោធា កងរាជអាវុធហត្ថ កងកម្លាំងនគរបាល ជួយអន្តរាគមន៍ពន្លត់ និងរថយន្តពន្លត់អគ្គីភ័យចំនួន០៦គ្រឿង ក្នុងនោះ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន០២គ្រឿង រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកមង្គលបូរី០១គ្រឿង រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ០១គ្រឿង រថយន្តពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ០១គ្រឿង និងក្រុងសិរីសោភ័ណ ០១គ្រឿង ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយបាញ់ទឹកអស់ចំនួន១៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន​ និងឈានដល់រលត់ទាំងស្រុងប្រើប្រាស់រយៈពេលជាង២ម៉ោង ភ្លើងមិនបានរាលដាលដល់លំនៅដ្ឋានជាច្រើនរយខ្នងក្បែរនោះឡើយ ។
​ជនរងគ្រោះទាំង០៦គ្រួសារ ដែលត្រូវបានអគ្គីភ័យឆេះផ្ទះទាំងស្រុងនោះ តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ប៊ុន ផេង ស្នងការរង ទទួលការងារគ្រប់គ្រងអាវុធជាតិផ្ទុះ​ និងអគ្គីភ័យ បានឲ្យដឹងថា៖ ១/-ឈ្មោះ ឈួន ម៉ៅ ភេទប្រុស​ អាយុ ៥៤ឆ្នាំ ជាជនពិការ,២/-ឈ្មោះ​ សាំង រួម ភេទប្រុស​ អាយុ៥៣ឆ្នាំ មុខរបរ អ្នករត់ម៉ូតូឌុប ,៣/-ឈ្មោះ អឿ បូនី ភេទស្រី​ អាយុ៦៣ឆ្នាំ មុខរបរមេផ្ទះ ,៤/-ឈ្មោះ​ វ៉ាន់ សាន់ ភេទប្រុស​ អាយុ៥៤ឆ្នាំ មុខរបរជាកម្មករសំណង់,៥/-ឈ្មោះ​ មួង ផេងហួ ភេទប្រុស​ អាយុ ៥៥ឆ្នាំ មុខរបរចុងភៅការ ,៦/- ឈ្មោះ​ មួង សេងគី ភេទប្រុស​ អាយុ៦៣ឆ្នាំ មុខរបរចុងភៅការ ។​ចំពោះទ្រព្យសម្បត្តិដែលរងនូវការខូចខាតសរុបទាំង០៦ផ្ទះនោះ តាមការប៉ាន់ប្រមាណជាជំហានដំបូងមិនតិចជាង៤០ម៉ឺនដុល្លានោះឡើយ ។
​លោកស្នងការង បានបញ្ជាក់ថា៖តាមការស្រាវជ្រាវករណីភ្លើងឆេះនេះគឺដំបូងចេញពីផ្ទះរបស់ឈ្មោះ ឈួន ម៉ៅ នៅជាន់ខាងលើ រួចហើយបានរាលដាលដល់ផ្ទះ ចំនួន០៥ខ្នងបន្ថែមទៀត ។បើតាមស្រាវជ្រាវជុំវិញករណីអគ្គីភ័យឆេះផ្ទះនេះ ប្រជាពលរដ្ឋនៅជិតខាងនោះ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរ មានការសង្ស័យ ទៅលើកូនប្រសាររបស់ឈ្មោះ ឈួន ម៉ៅ ដែលមានឈ្មោះ ឈៀន សុឃីត ២៤ឆ្នាំ ជាមនុស្សញៀនថ្នាំ ជាអ្នកដុត ព្រោះមុនពេលកើតមានអគ្គីភ័យនេះ នៅវេលាម៉ោង៧យប់ ឈ្មោះ ឈៀន សុឃីត និងប្រពន្ធរបស់គេឈ្មោះ​ វឿន និមល់​ អាយុ២១ឆ្នាំ បានឈ្លោះប្រកែកគ្នា រួចឈ្មោះ ឈៀន សុឃីត ២៤ ឆ្នាំ បានចេញពីផ្ទះបាត់លុះ ដល់វេលាម៉ោង១១និង៤០នាទីយប់ក៏ មានហេតុការណ៍ឆេះផ្ទះរបស់ឈ្មោះ ឈួន ម៉ៅ​ នេះមុនគេតែម្តងហើយបានរាលដាលដល់ផ្ទះចំនួន០៥ខ្នងទៀត ។
​លោកវរសេនីយ៍ឯក​ ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ក្រោយពីមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី បានធ្វើការស្រាវជ្រាវ​ និងនាំខ្លួនឈ្មោះ​ ឈៀន សុឃីត អាយុ២៤ ឆ្នាំ មកសាកសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុក តែឈ្មោះ ឈៀន សុឃីត បាននិយាយថាខ្លួនមិនបានដុតផ្ទះរបស់ខ្លួននោះទេ ក្រោយពីឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ រួចហើយគេក៏ចេញពីផ្ទះ តាំងពីម៉ោង៨យប់។
លោកអធិការបានបញ្ជាក់ថា៖ទាក់ទងនឹងករណីភ្លើងឆេះផ្ទះនេះ សមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានថាបណ្តាលមកពីករណីមានមនុស្សលួចដុតឬក៏បណ្តាលមកពីទុស្សេខ្សែភ្លើងនោះឡើយ ព្រោះភ្លើងឆេះចេញដំបូងពីផ្ទះរបស់ឈ្មោះឈួន ម៉ៅ នោះ​គឺនៅជាន់លើ ដែលគ្មានមនុស្សដេក ហើយជំនាញពិនិត្យគុបភ្លើងមិនមានដាច់ខ្សែលួស ដូច្នេះករណីនេះ ស្ថិតក្នុងការ ស្រាវជ្រាវនៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង