អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា៖ វិស័យ សំខាន់ៗចំនួនបី ដែលកម្ពុជាត្រូវធ្វើដើម្បីស្តារ សេដ្ឋកិច្ចក្រោយចប់វិបត្តិកូវីដ-១៩
ភ្នំពេញ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃទី២២ មិថុនានេះថា៖ វិស័យសំខាន់ៗចំនួន៣រួមមាន៖ វិស័យទេសចរណ៍ក្នុងស្រុក វិស័យកសិកម្ម និងជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម គឺជាវិស័យដែលកម្ពុជាគួរតែស្តារឡើងវិញ ដើម្បីស្តារនូវសេដ្ឋកិច្ចរបស់កម្ពុជាដែលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩។
ថ្លែងក្នុងវេទិកាតុមូលពិភាក្សាពី ការរៀបចំខ្លួន របស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលរៀបចំឡើងរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បាន បញ្ជាក់ថា កម្ពុជាត្រូវស្តារទេសចរណ៍ក្នុងស្រុក និងត្រូវកែច្នៃកសិកម្មរបស់យើងឱ្យទៅជាកសិកម្ម គាំទ្រដល់វិស័យទេសចរណ៍ និងជាផលិតផលសិរីរាង្គ។
ព្រមជាមួយនេះ កម្ពុជាគួរកាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន និងយកចិត្តទុកដាក់ ទៅលើឧស្សាហកម្មខ្នាតតូច ដែលជាឧស្សាហកម្មដ៏សំខាន់ ធ្វើយ៉ាងណាឱ្យអាចមានការ ឱកាសរួមគ្នានាំចេញទៅក្រៅប្រទេសបាន ។ សម្រាប់លោកបណ្ឌិត វិបត្តិកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍ពីក្រៅប្រទសមានការ ជាប់គាំង ដែលមិនអាចជួយស្រោចស្រង់វិស័យសេដ្ឋកិច្ចរបស់កម្ពុជា។ ជាក់ស្តែងទេសចរ ក្នុងស្រុកប្រមាណជាង១១លាននាក់ គឺជាកូនសោគន្លឹះក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ឡើងវិញ បើមិនរុញទេសចរណ៍ក្នុងស្រុកទេ គឺសេដ្ឋកិច្ចត្រូវតែគាំង។
សូមរម្លឹកថាកាលពីពេលថ្មីៗនេះ រាជរដ្ឋាភិ បាលកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋ កិច្ចរបស់កម្ពុជានៅឆ្នាំ២០២០នេះថា នឹងថយ ចុះ១.៩ភាគរយ ប៉ុន្តែនឹងកើនឡើងវិញនៅ ឆ្នាំ២០២១ ក្នុងអត្រា ៣.៥ភាគរយ៕ សំរិត