សម្ដេចតេជោ ហ៊ុន សែន៖ កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិកម្ពុជា បានឡើយ
ភ្នំពេញ ៖ដោយធ្វើការពន្យល់ ទៅលើក្រុមមនុស្សមួយចំនួនដែលតែងតែវាយប្រហាររាជរដ្ឋាភិបាល ថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩នោះ សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិបានឡើយ ព្រោះរាជរដ្ឋាភិបាលមានវិធានការគ្រប់ពេលវេលា។
ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលសាងសង់បានចំនួន ៣០ភាគរយ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល ហ៊ុន សែន បានទេ។ ឥឡូវ នេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលបានការឡើងបៀវត្សរ៍។ បើទោះបីមកដល់ខែមេសា ត្រូវឡើងបៀវត្សរ៍មួយដំណាក់ទៀត ដែលពេលនោះកូវីដ-១៩ កំពុងវាយប្រហារ ចំណូលធ្លាក់ចុះ ក៏ប៉ុន្ដែរាជរដ្ឋាភិបាល នៅតែមានសមត្ថភាពដើម្បីនឹងដំឡើងបៀវត្សរ៍ ហើយបន្ដបើកបៀវត្សរ៍ក្នុងមួយខែពីរដង។” សម្ដេចតេជោបន្តថា បើទោះបីជាកូវីដ អាច មានផលប៉ះពាល់ទៅលើផ្នែកជាពិសេសផ្នែកទេសចរណ៍ ផ្នែកឧស្សាហកម្មមួយចំនួន ហើយមានផ្នែកខ្លះបាត់បង់ការងារ និងផ្នែកខ្លះបង្កើនការងារទៅវិញ។ ប៉ុន្តែកូវីដ-១៩ មិនអាចរារាំងដំណើរការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់យើង ទាំងផ្នែករដ្ឋ ក៏ដូចជាវិស័យឯកជនបានទេ។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុនទាំងអស់នៅកម្ពុជា នាពេលបច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនណាមួយប្រកាសថាក្ស័យធននោះទេ ហើយប្រកាសអាសន្នអំពីការខ្វះទុនទៅលើការវិនិយោគដែរ”។
ចំពោះសេដ្ឋកិច្ចកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា តាមការប៉ាន់ប្រមាណរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបីយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក សេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ក្នុងរង្វង់ ១,៥ភាគរយ ទៅ២,៩ភាគរយ។ ប៉ុន្តែសម្រាប់យើងៗវាយតម្លៃថា ភាពប្រាកដប្រជាអាចនឹង -១,៩ភាគរយ នៅក្នុងឆ្នាំនេះ ដែលនេះគឺជាស្ថានភាពមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា នៅថ្ងៃទី២៤ ខែមិថុនាខាងនេះ សម្ដេចនឹងប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រជាងគេ ដែលរងផលប៉ះពាល់ ដោយសារវិបត្តិកូវីដ-១៩។ ទន្ទឹមនេះ គោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកាសសាច់ប្រាក់សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រជាងគេ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ ដោយក្នុងមួយខែៗ រាជរដ្ឋាភិបាល នឹងត្រូវចំណាយថវិកាប្រមាណជា២៥លានដុល្លារអាម៉េរិក សម្រាប់សង្គ្រោះ ជួយទំនុកបម្រុងប្រជាពលរដ្ឋជាង៦០ម៉ឺន គ្រួសារ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា ការជួយឧបត្ថម្ភនេះ រាជរដ្ឋាភិបាល មានលទ្ធភាពប្រើប្រាស់នូវថវិកាចរន្ត ដែលក្នុងមួយខែៗ ក្នុងអំឡុងប្រឈមនឹងវិបត្តិកូវីដ- ១៩នេះ។ ជាមួយគ្នានេះ បើរកមិនបានលើស៥០០លានដុល្លារអាម៉េរិក ក៏ក្នុងរង្វង់ជាង ៤០០លានដុល្លារអាម៉េរិកដែរ ខណៈដែលការចំណាយលើបៀវត្សរ៍ មានត្រឹមតែជាង២០០លាន ដុល្លារអាម៉េរិកនោះ៕