ឯកអគ្គរដ្ឋទូតចិន៖ មកដល់ពេលនេះ កម្ពុជាទទួលបានទឹកប្រាក់ជាង ២០លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
(ភ្នំពេញ)៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា គិតមកដល់ពេលនេះ ប្រទេសកម្ពុជាទទួលបានទឹកប្រាក់ជាង ២០លានដុល្លារ សម្រាប់អភិវឌ្ឍន៍លើគម្រោងសរុបចំនួន៥៥ ពីមូលនិធិពិសេស ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ការអះអាងរបស់លោក Wang Wentian បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោក និងឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០។
លោក Wang Wentian បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសកម្ពុជាបានប្រមូលផល ពីគម្រោងមូលនិធិពិសេស កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ច្រើនជាងគេបំផុតក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នា ដែលមានចំនួន៥៥ ក្នុងនោះរាប់បញ្ចូលទាំងគម្រោងនៅឆ្នាំនេះ ដែលមានទឹកប្រាក់សរុបជាង ២០លានដុល្លារ។ វាឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីការចូលរួមយ៉ាងសកម្មរបស់ប្រទេសកម្ពុជា នៅក្នុងក្រមខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ហើយបង្ហាញថាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ទទួលបានផ្លែផ្កាខ្ពស់»។
លោក Wang Wentian បានសង្ឃឹមថា គម្រោងទាំងនេះនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងពន្លឿនការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងវិស័យផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០នេះ គម្រោងកម្ពុជាចំនួន២០ ត្រូវបានគាំទ្រ និងផ្តល់មូលនិធិ ដែលមានទឹកប្រាក់ចំនួន ៧.២២៥.៤០០ដុល្លារអាមេរិក ភាគច្រើនគ្របដណ្តប់ទៅលើសកម្មភាពនានា ពាក់ព័ន្ធនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍ធនធានមនុស្ស សន្តិសុខតាមប្រព័ន្ធអ៉ីនធឺណេត ការកសាងសមត្ថភាព ទេសចរណ៍ និងសេវាកម្ម បរិស្ថាន និងការការពារសម្បត្តិវប្បធម៌ជាដើម។
ក្នុងពិធីចុះហត្ថលេខាព្រឹកមិញនេះ លោក ប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតចិន សម្រាប់ការគាំទ្រដែលមិនអាចកាត់ថ្លៃបាន សម្រាប់គម្រោងថ្មីចំនួន២០បន្ថែមទៀត គាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២០ ដែលមានថវិកាសរុបចំនួនប្រមាណជាង ៧លានដុល្លារអាមេរិក។
ប្រមុខការទូតកម្ពុជា បានចាត់ទុកថា «ពិធីចុះហត្ថលេខារបស់យើងនាថ្ងៃនេះ គឺទាន់ពេលវេលា និងមានសារៈសំខាន់បំផុត ដើម្បីបង្ហាញពីភាពរឹងមាំរបស់យើង ព្រមទាំងអះអាងជាថ្មីនូវមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ចាប់តាំងពីការចាប់ផ្តើមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៦ គម្រោងទាំងនេះបានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់បណ្តាប្រទេសមេគង្គ-ឡានឆាង តាមរយៈការបង្រួមគម្លាតនៃការអភិវឌ្ឍ ការពង្រឹងទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក និងការពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបឲ្យកាន់តែប្រសើរឡើង ទៅនឹងតម្រូវការរបស់ប្រជាជនយើង»។
លោក ប្រាក់ សុខុន ក៏បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងរឹតចំណងមិត្តភាពរវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិនផងដែរ៕