ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមបង្រ្កាប​ឈើ​លាក់ទុក​ក្នុង​ស្រះ​ទឹក

68

ស្ទឹងត្រែង​៖​ឈ្មួញ​បាន​ប្រើល្បិច​យក​ឈើ​ដឹក​តាម​រថយន្ត ទៅ​ទម្លាក់​ទុក​ក្នុង​ស្រះ​ទឹក ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ក៏ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រកឃើញ រឹបអូស​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ កាលពី​ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2020​។​

​លោក​អនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន ទាក់ទង​នឹង​បទល្មើស​ដឹកឈើ​ខុសច្បាប់ យកទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក លោក​ក៏បាន​រាយការណ៍ និង​មានការ​ចង្អុលបង្ហាញ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បានដាក់​បទបញ្ជា មក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ចុះបង្ក្រាប​ឈើ លាក់ទុក​ក្នុង​ស្រះ​ទឹក​មួយកន្លែង​។​

​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ ដោយមាន​ការសម្របសម្រួល ពី​លោក​វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ រុករក​វត្ថុតាង​បទល្មើស​ព្រៃឈើ ក្នុងភូមិ​សាស្ត្រ​ស្រុក​កម្លាំង​កងរាជអាវុធហត្ថ បាន​ប្រទះឃើញ​ករណី​សន្និធិ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ នូវ​ឈើ​អារ​ប្រភេទ​ប្រភេទ​លេខ​១ (​ផ្ចឹក​) ចំនួន​១៤៤​សន្លឹក ស្មើនឹង​៨,៨១៨​ម៉ែត្រគូប ប្រព្រឹត្ត​​នៅ​ចំណុច​ក្នុង​ស្រះ​ទឹក លើដី​របស់​រដ្ឋ​ត្រង់ចំណុច UTM(617426-1531819) ជាប់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ឫ​សែន​ជ័យ​២(​ឧបសម្ព័ន្ធ​) ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ​២ ដោយ​ពុំមាន​ម្ចាស់​ទទួលខុសត្រូវ ដែល​ឈ្មួញ​លួច​ដឹកជញ្ជូន​មកពី​ស្រុក​សៀម​ប៉ាង លាក់ទុក​។​

​វត្ថុតាង​ល្មើសច្បាប់​នេះ ត្រូវបាន​យកមក​រក្សាទុក​បណ្តោះអាសន្ន នៅ​ស្នាក់ការ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រឡ ដើម្បី​ចាត់ការ​តាម​នីតិវិធី និង​ស្រាវជ្រាវ​រក​ម្ចាស់​ឈើ​ខុសច្បាប់ មក​ផ្តន្ទាទោស​តាមច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង