ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន រុស្ស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន គាំទ្រការបោះឆ្នោតនៅកម្ពុជា ហើយដើរដល់ដំណាក់កាលអនុវត្តន៍ លទ្ធិប្រជាធិបតេយ្យ ដូចបច្ចុប្បន្ន

259

ភ្នំពេញ៖ លោក Amb Sergey ORDZHONIKDZE តំណាងឲ្យអ្នកសង្កេតការណ៍មកពីប្រទេសរុស្ស៊ី បានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា ដោយបានហៅការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ ការលើកឡើងរបស់លោក Amb Sergey ORDZHONIKDZE បានធ្វើឡើងក្នុងសន្និសីទព័ត៌មានមួយ នៅក្រោយបញ្ចប់ការបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ។

លោក Amb Sergey ORDZHONIKDZE និងគណៈប្រតិភូអន្តរជាតិជាច្រើនរូបផ្សេងទៀត បានធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតជាច្រើន ក្នុងរាជធានីភ្នំពេញនាថ្ងៃម្សិលមិញនេះ។ តំណាងអ្នកសង្កេតការណ៍មកពីរុស្ស៊ីរូបនេះ បានលើកឡើងថា លោកបានមើលឃើញ ដោយផ្ទាល់ភ្នែកពីការរៀបចំដ៏ល្អ នៃដំណើរការបោះឆ្នោត ដោយគ្មានអំពើហិង្សា សុខសុវត្ថិភាព។ ជាពិសេសការចូលរួមបោះឆ្នោតដោយភាពសប្បាយរីករាយ និងច្រើនលើសលុបពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

«នៅក្នុងដំណើរការនេះយើងឃើញហើយថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…។ យើងសូមសង្កត់ធ្ងន់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្ញុំ យើងឃើញថា ការបោះឆ្នោតដោយសេរី យុត្តិធម៌ និងតម្លាភាព នេះជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ប្រទេសផ្សេងទៀត។ ជាពិសេសប្រទេសជិតខាងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់យើង ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍របស់យើង រួមហ្នឹងមេដឹកនាំប្រទេសណា ដែលមិនទទួលស្គាល់ការបោះឆ្នោតនេះ»។ លោក Amb Sergey ORDZHONIKDZE។

ឆ្លើយតបសំណួរថា បើទោះបីអ្នកសង្កេតការណ៍អន្តរជាតិជាច្រើន បានមើលឃើញពីភាពល្អប្រសើរ នៃដំណើរការបោះឆ្នោតនៅកម្ពុជា តែក៏មានប្រទេសមួយចំនួនប្រកាស មិនទទួលស្គាល់ការបោះឆ្នោតដែរនោះ លោក Amb Sergey ORDZHONIKDZE ក៏បានបញ្ជាក់ថា ចិន រុស្ស៊ី ឥណ្ឌូនេស៊ី ហ្វីលីពិន និងប្រទេសជាច្រើនទៀត បានគាំទ្រលទ្ធផលបោះឆ្នោតនេះ។ លោក Amb Sergey ORDZHONIKDZE បានផ្តាំទៅបណ្តាប្រទេសមិន ទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាដែរថា វាជាការលំបាកខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងការប្រែក្លាយពីប្រទេសច្បាំងគ្នា កាប់សម្លាប់គ្នាពីអតីតកាល ដើរមកដល់ដំណាក់កាលអនុវត្តន៍ ប្រជាធិបតេយ្យដូចពេលបច្ចុប្បន្ន។

លោក Amb Sergey ORDZHONIKDZE បានគូសបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសធំៗដូចជាប្រទេសចិន រុស្ស៊ី ឥណ្ឌូនេស៊ី ហ្វីលីពិនរួមនិងប្រទេសផ្សេងៗទៀតជាច្រើន គឺយើងគាំទ្រអ្វីដែលប្រទេសអ្នក (កម្ពុជា) បានធ្វើហើយ ទោះបីប្រទេសមួយចំនួនមិនគាំទ្រក៏ដោយ។ ឃើញថា ប្រវត្តិសាស្ត្រប្រទេសរបស់អ្នកយើងឃើញថា វាមិនស្រួលទេ វាលំបាកណាស់ ដើម្បីឈានមកដល់ដំណាក់កាលមួយ ដែលយើងអាចដោះស្រាយបញ្ហាច្បាំងគ្នា កាប់សម្លាប់គ្នា ហើយឈានមកដល់ឯករាជ្យភាព ក៏ដូចជាសម្រេចបាននូវការអនុវត្តន៍     លទ្ធិប្រជាធិបតេយ្យដូចដែលយើងឃើញនាពេលនេះ។ នេះជាសារទាំងឡាយដែលគេមិនបានចូលរួមនោះ»។

គួរបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះក្រោយពេលការបោះឆ្នោត បានបិទបញ្ចប់ភ្លាមក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ជាច្រើនក្រុមដែលបានចូលរួម សង្កេតដំណើរការបោះឆ្នោត បានធ្វើសន្និសីទបង្ហាញ ពីការសង្កេតរបស់ពួកគេ។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ សុទ្ធតែបានមើលឃើញ និងលើកឡើងដូចៗគ្នា ដោយបានវាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនៅកម្ពុជា។ អ្វីដែលធ្វើឲ្យពួកគេសរសើរមិនដាច់ពីមាត់នោះ គឺការបោះឆ្នោតនេះប្រព្រឹត្តដោយសភាពស្ងប់ស្ងាត់ មានសុខសន្តិភាព ប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតច្រើនលើសលុប ដោយគ្មានការភ័យខ្លាច ព្រោះបញ្ហាសន្តិសុខ ឬការគំរាមកំហែង៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង