ទីបំផុត ព្រឹទ្ធសភាអាមេរិច បានអនុម័តច្បាប់ដាក់ទណ្ឌកម្ម ចិន ជុំវិញច្បាប់សន្តិសុខនៅហុងកុង
ព្រឺទ្ធសភាអាមេរិច នៅថ្ងៃព្រហស្បតិ៍ បានធ្វើការអនុម័តជាឯកច្ឆន្ធលើច្បាប់មួយ ដែលនឹងធ្វើការដាក់ទណ្ឌកម្ម លើមន្ត្រីចិនទាំងឡាយណា ដែលបានបំផ្លាញស្វ័យភាពរបស់ទីក្រុងហុងកុង ខណៈដែលទីក្រុងប៉េកាំងជំរុញ លើច្បាប់សន្តិសុខដ៏ចម្រូងចម្រាស់លើហុងកុង។
សភាតំណាងរាស្ត្រនៅតែត្រូវការអនុម័តច្បាប់នោះ ដែលនឹងអនុញ្ញាតឲ្យមានទណ្ឌកម្មនៅអាមេរិច ប្រឆាំងនឹងមន្ត្រីចិន និងប៉ូលីសហុងកុង ព្រមទាំងធនាគារ ដែលធ្វើជំនួយជាមួយពួកគេ។
ការបោះឆ្នោតអនុម័តនោះកើតឡើង ខណៈដែលចិនជំរុញច្បាប់សន្តិសុខសម្រាប់ហុងកុង។ ច្បាប់សន្តិសុខនឹងអនុវត្តការដាក់ទណ្ឌកម្មលើវិទ្ធង្សនា (សកម្មភាពដែលបង្កភាពវឹកវរ) និងការគំរាមកំហែងផ្សេងៗទៀត នៅក្នុងទីក្រុងហុងកុង។
“ពួកគេកំពុងធ្វើដំណើរឆ្ពោះទៅមុខតាមវិធីរបស់ពួកគេ ដើម្បីដកហូតសេរីភាពរបស់ប្រជាជនហុងកុង ដូច្នេះពេលវេលាគឺមានសារសំខាន់ណាស់”។ នេះជាការលើកឡើងរបស់សមាជិកព្រឹទ្ធសភាអាមេរិច Chris Van Hollen។
ច្បាប់សម្រាប់ដាក់ទណ្ឌកម្មចិន ទំនងជានឹងត្រូវអនុម័យយ៉ាងស្រួល នៅក្នុងសភាដែលដឹកនាំដោយបក្សប្រជាធិបតេយ្យ ដែលបានរិះគន់ចិនម្តងហើយម្តងទៀតចំពោះបញ្ហាសិទ្ធិ។
រដ្ឋបាលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសរួចរាល់ហើយថា អាមេរិចមិនចាត់ទុកហុងកុងថា មានស្វ័យភាពទៀតទេ។
សូមបញ្ជាក់ថា ទីក្រុងហុងកុងត្រូវបានអង់គ្លេស ប្រគល់ត្រឡប់ឲ្យចិនវិញនៅក្នុងឆ្នាំ ១៩៩៧ ហើយចិនប្តេជ្ញាថានឹងរក្សាប្រព័ន្ធដាច់ដោយឡែក សម្រាប់ទីក្រុងហុងក្នុងរយៈពេល ៥០ឆ្នាំខាងមុខ ដែលធានាពីសិទ្ធិសេរីភាពរបស់ប្រជាជនហុងកុង៕