ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី ជាការ​នាំចូល​ពី​ឥណ្ឌូណេស៊ី​

60

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន​៩​នាក់​ថ្មី​ទៀត លើ​បងប្អូន​ខ្មែរ​៨​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​ត្រឡប់មក​កម្ពុជា កាលពី​ថ្មីៗ​នេះ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង​៩​នាក់ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានប្រកាសថា ថ្ងៃនេះ​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​៩​នាក់​(​ខ្មែរ ៨​នាក់ និង​ឥណ្ឌូណេស៊ី ១​នាក់​) មកពី​ប្រទេស​ឥណ្ឌូណេស៊ី និង​ជាសះស្បើយ​ម្នាក់ ។ រហូតដល់​ម៉ោង ៧​និង​៣០​ព្រឹក ថ្ងៃទី ២៧ មិថុនា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​៩​នាក់ (​ករណី​នាំចូល​ទាំងអស់​)​ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ ១៣៩​នាក់​ចំនួន​សម្រាក​នៅ​ពេទ្យ​ឡើងដល់​១០​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១២៩​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គរាម​កំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។ សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។ យើង​បានធ្វើ​តេស្ត​ចំនួន 34316 ស្មើនឹង 2067 ក្នុង​១​លាន​នាក់​។​

​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នករក​ឃើញ​មាន​ជំងឺ​កូ​វីដ​ទាំង​៩​នាក់​ថ្មី​នេះ ក្នុងចំណោម​អ្នកដំណើរ​សរុប​ចំនួន​៤០​នាក់ ដែល​បាន ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មកពី​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​។​

​អ្នកដំណើរ​ចំនួន​៣១​នាក់ ដែល​បានធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ជាមួយ​អ្នកមាន​វិជ្ជមាន​កូ​វីដ​១៩ ត្រូវ​បន្ត​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​ច​ត្តា ឡី​ស័ក មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង និង​សណ្ឋាគារ​មួយកន្លែង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​សុខភាព និង​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​១៩ ។​

​នៅ​ថ្ងៃទី​២៧​ខែមិថុនា​នេះ មាន​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ បានជា​សះស្បើយ ដោយ​ទទួលបាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក និង​ត្រូវបាន​អនុញ្ញាត​ចេញពី​មន្ទីរ​ពេទ្យរុស្ស៊ី​។ អ្នកជា​សះស្បើយ​ជា​បុរស​ជនជាតិខ្មែរ សញ្ជាតិ​អាមេរិក​អាយុ​ជាង​៦០​ឆ្នាំ ដែល​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៣៩​នាក់ ក្នុងនោះ ១២៩​នាក់ បាន​ព្យាបាល​ជាសះស្បើយ ខណៈ​១០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕

អត្ថបទដែលជាប់ទាក់ទង