ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា៖គម្រោង៩៣លានដុល្លារ ជួយបង្កើនសុវត្ថិភាព សិទ្ធិកាន់កាប់ដីធ្លីរបស់កសិករក្រីក្រនិងសហគមន៍ជនជាតិដើមភាគតិច

59

 

ភ្នំពេញ៖នៅថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២០ក្រុមប្រឹក្សាភិបាលនៃធនាគារពិភពលោកបានអនុម័តឥណទាន៩៣លានដុល្លារអាមេរិកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ(IDA) សម្រាប់«គម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣»(LASED IIIនៅប្រទេសកម្ពុជា។គម្រោងនេះនឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លីនិងការទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកសិកម្មនិងសង្គមសម្រាប់ប្រជាជនក្រីក្រគ្មានដីនិងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។

 

ការជួយឱ្យកសិករខ្នាតតូចនិងសហគមន៍ជនបទមានលទ្ធភាពប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិតាមរបៀបមួយមានចីរភាពនិងឋិតថេរយូរអង្វែងគឺជាផ្នែកស្នូលមួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងនេះរដ្ឋាភិបាលបានបង្កើតឡើងនូវក្របខណ្ឌច្បាប់សម្រាប់ការធ្វើសម្បទានដីសង្គមកិច្ចដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់ជនក្រីក្រគ្មានដីនៅតាមទីជនបទ។ទន្ទឹមគ្នានេះរដ្ឋាភិបាលក៏លើកកម្ពស់ផងដែរនូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិចដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេនៅក្នុងការកាន់កាប់ដីធ្លី។

 

ចាប់តាំងពីឆ្នាំ២០០៨មកគម្រោងLASED ជំហាន១និងជំហាន២ដែលទទួលបានការឧបត្ថម្ភតាមរយៈធនាគារពិភពលោកបានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ចក្នុងគោលដៅជំរុញឱ្យមានការបែងចែកដីដល់ជនក្រីក្រតាមដំណើរការមួយមានចីរភាពនិងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។គម្រោងទាំងនេះបានជួយដល់ការអភិវឌ្ឍផ្លូវជនបទការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូចការសាងសង់សាលាបឋមសិក្សាប៉ុស្តិសុខភាពផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកែលម្អការដាំដុះនិងជួយគាំទ្រដល់ការបង្កើតឱ្យមានសេវាកាន់តែច្រើនទៀតសម្រាប់កសិករ។តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះកម្ពុជាបានបែងចែកដីធ្លីចំនួន១៧០០០ហិកតាសម្រាប់សង់លំនៅឋាននិងធ្វើការដាំដុះដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដីចំនួនជាង៥០០០គ្រួសារក្នុងនោះមានជាង៣៦០គ្រួសារទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។

 

លោកស្រីអ៊ីនហ្គូណាដូប្រាចានាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍ថា៖«លទ្ធភាពទទួលបានដីធ្លីនិងការផ្តល់សេវានិងការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដើម្បីបង្កើនផលិតភាពកសិកម្មក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនក្រីក្រដែលរស់នៅតាមទីជនបទ។គម្រោងLASEDជំហាន៣នេះនឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លីនិងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដីនិងគ្រួសារខ្វះដីនិងធានាឱ្យមានសន្តិសុខផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិចនៅតាមតំបន់គោលដៅរបស់គម្រោងនេះ។»

 

គម្រោងLASEDជំហាន៣នឹងបន្តពង្រីកសមិទ្ធផលថែមទៀតតពីគម្រោងជំហាន១និងជំហាន២នៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។ការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិចនឹងជួយគាំទ្រផងដែរដល់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចដែលកំពុងតែប្រព្រឹត្តទៅឱ្យបានឈានទៅចប់សព្វគ្រប់។ជាមួយគ្នានេះគម្រោងនឹងផ្តល់ជំនួយដល់បណ្តាសហគមន៍ដែលបានបញ្ចប់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចរួចរាល់ហើយផងដែរ។

 

គម្រោងLASEDជំហាន៣នឹងគ្របដណ្តប់ទៅលើទីតាំងនិងសហគមន៍ចំនួន៧១នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។គម្រោងនេះនឹងជួយដល់ការកសាងផ្លូវលំជនបទប្រព័ន្ធធារាសាស្ត្រខ្នាតតូចសម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាតនិងអនាម័យអគារសាលារៀនផ្ទះគ្រូបង្រៀនប៉ុស្តិសុខភាពនិងមណ្ឌលសហគមន៍។អ្នកទទួលផលថ្មីពីកម្មវិធីដីសម្បទានសង្គមកិច្ចនឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួនក្នុងនោះមានគ្រាប់ពូជផងដែរ។

 

គម្រោងនេះនឹងផ្តល់ជំនួយបច្ចេកទេសផងដែរដើម្បីអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតផ្នែកអាកាសធាតុបង្កើតសមាគមន៍កសិករសម្រាប់ជាប្រយោជន៍ដល់សកម្មភាពផលិតកម្មនិងទីផ្សារនិងដើម្បីគ្រប់គ្រងមូលនិធិសហគមន៍សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង