ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាការពារទាំង១៤ខណ្ឌបាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

85

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍បញ្ជាក់ថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយបានសហការយ៉ាងល្អជាមួយនឹងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទដែលមានប៉ូលិសនិងកងរាជអាវុធហត្ថ។ពួកគាត់គឺជាកម្លាំងស្នូលដែលពីដើមឡើយពោលគឺ ក្រោយឆ្នាំ ១៩៧៩ ប្រជាការពារភូមិគឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាជាបុគ្គលិកជាប់កិច្ចសន្យាដែលមានប្រាក់បៀវត្សចំនួន៦៥ម៉ឺនរៀល។

  ការលើកឡើងបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ មិថុនា ក្នុងពីធីប្រគល់អំណោយជូនបងប្អូនប្រជាការពារខណ្ឌទាំង១៤ខណ្ឌ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកហ៊ុន ម៉ានី  លោកស សុខានិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

  លោកឃួង ស្រេងបានបន្តទៀតថា ការផ្ដល់នូវអំណោយជូនចំពោះបងប្អូនប្រជាពលរដ្ឋការពាររបស់យើងនាពេលនេះ គឺជាការគិតគូរ ពីជីវភាពរស់នៅរបស់បងប្អូនពីសំណាក់រាជរដ្ឋាភិបាល។

  លោកឃួង ស្រេងក៏បានស្នើឱ្យបងប្អូនប្រជាការពារបន្តការផ្សព្វផ្សាយពីការទប់ស្កាត់នូវជំងឺកូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។

   លោកហ៊ុន ម៉ានី ក្នុងឱកាសនោះក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់ជំងឺកូវីដ១៩ វាគឺជារឿងរបស់យើងទាំងអស់គ្នា។លោកបន្តថា ការទប់ស្កាត់បាននូវជំងឺកូវីដ១៩ ដោយមិនបានធ្វើឲ្យមានមនុស្ស

ស្លាប់នៅកម្ពុជា គឺជាការបង្ហាញពីភាពជោគជ័យរបស់កម្ពុជា ខណៈដែរប្រទេសមួយចំនួនអនុវត្តមិនទាន់បានល្អប្រសើរដូចប្រទេសយើង។ ប៉ុន្តែទោះបីយ៉ាងណាក្តីយើងមិនអាចមើលស្រាលនោះទេ ដូច្នេះទេសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវយកចិត្តទុកដាក់បន្តលើកកិច្ចការពារ ការឆ្លងនៃជំងឺនេះ។

   លោកហ៊ុន ម៉ានី ក្នុងឱកាសនោះ បានថ្លែងការអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាការពារដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនថា ក្តៅ ឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើងបងប្អូនប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់នៅព្រឹត្តិការណ៍ទាំងនោះ ជាក់ស្ដែងកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤កន្លងមកនេះ បងប្អូនប្រជាការពារបានលះបង់កម្លាំងកាយចិត្ត ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋរហូតដល់ ត្រូវក្រុមអគតិមួយចំនួនប្រើអំពើហិង្សាវាយបណ្ដាលឲ្យរងរបួសធ្ងន់និងស្រាល ជាច្រើននាក់ទៀតផង នេះជារឿងមួយដែលតម្រូវឲ្យបងប្អូនប្រជាការពារមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការងាររបស់ខ្លួន។

  គួរបញ្ជាក់ផងដែរថា អំណោយដែលបានចែកជូនបងប្អូនប្រជាការពារនាពេលនេះ ក្នុងម្នាក់ៗទទួលបានអង្ករ១បាវស្មើនឹង១០គីឡូក្រាម អាកុល៣ដបតូចចំណុះ១០០ មីលីលីត្រ ម៉ាសចំនួន២០ម៉ាក សាប៊ូដុំចំនួន៣ដុំ ត្រីខចំនួន២កំប៉ុងភេសជ្ជៈផ្អែមចំនួន១២កំប៉ុងនិងដប ថង់បរិស្ថានសម្រាប់វេចខ្ចប់១ភេសជ្ជៈបាកាសចំនួន៣កំប៉ុង ទឹកបរិសុទ្ធចំនួន៧ដបនិងថវិកាចំនួន ៥ម៉ឺនរៀល៕

 

អត្ថបទដែលជាប់ទាក់ទង