ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ក្រសួង​សា​ធាណ​ការ កំពុង​សិក្សា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មេ​ចំនួន ៣៨​ខ្សែ ប្រវែង ៩៨,៣៤​គីឡូម៉ែត្រ ក្នុង​ក្រុង​សៀមរាប

138

 

 

​សៀមរាប​៖ ក្រសួង​សា​ធាណ​ការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មេ​ចំនួន ៣៨​ខ្សែ សរុប​ប្រវែង ៩៨,៣៤​គីឡូម៉ែត្រ ក្នុង​ក្រុង​សៀមរាប ត្រូវបាន​សិក្សា​ក្នុង​គោលបំណង ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យសេដ្ឋកិច្ច សោភ័ណភាព​ទីក្រុង​សៀមរាប ឱ្យ​ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ព្រមទាំង​ត​ភ្ជាប់​ទីប្រជុំជន​ក្រុង​សៀមរាប ទៅ​តំបន់​ដាច់ស្រយាល​នៅ​ជាយក្រុង និង​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប​។​

​ថ្ងៃ​សៅរ៍ ទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការសិក្សា​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព​ជំនាញ​របស់​ក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ពិនិត្យ និង​សិក្សា​ទៅលើ​គម្រោង​ខ្សែ​ផ្លូវ​មេ​ចំនួន ៣៨​ខ្សែ សរុប​ប្រវែង​ប្រមាណ ៩៨,៣៤​គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ​ពីរ​គន្លង មាន​ប្រវែង​ប្រមាណ ៤៤​គីឡូម៉ែត្រ និង​ផ្លូវ​បួន​គន្លង មាន​ប្រវែង​ប្រមាណ ៥៤​គីឡូម៉ែត្រ លាតសន្ធឹង​ក្នុង​សង្កាត់​ទាំង​១២ របស់​ក្រុង​សៀមរាប និង​មួយផ្នែក​នៃ​ស្រុក​បាគង ដែល​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប​។​

​ថ្លែង​នៅក្នុង​មតិ​ស្វាគមន៍ ឯកឧត្ដម​អភិបាលខេត្ត បានឱ្យដឹងថា​៖ ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ ហើយ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ជាច្រើន ត្រូវធ្វើ​ការជួសជុល និង​កែលម្អ​ឡើងវិញ ហើយ​គម្រោង​ខ្សែ​ផ្លូវ​មេ​ទាំង ៣៨​ខ្សែ​នេះ ដែល​បាន​សិក្សា​នេះ​គឺជា​សរសៃឈាម និង​ជា​បេះដូង​របស់​ខេត្ត ដើម្បី​កំណើនសេដ្ឋកិច្ច ទេសចរណ៍ និង​សោ​ភណ្ឌ​ភាព​របស់​ខេត្ត​។ ឯកឧត្តម​អភិបាលខេត្ត ក៏បាន​លើកឡើង​ពី​ការងារ​ជួសជុល និង​កែលម្អ​ផ្លូវ​ចំនួន​១០​ខ្សែ ដោយ​រដ្ឋបាល​ខេត្តសៀមរាប រួមមាន​៖ ផ្លូវ​តា​អុច ផ្លូវ​នាគ​ទេព ផ្លូវ​ខ្នែង​ជន្លង់ ផ្លូវ​តុង​សេង ផ្លូវ​អា​ទី​ហ្ស​ង់ ផ្លូវគោក​ស្រិត ផ្លូវ​ជាប់សូ​ហ្វី​តែ​ល ផ្លូវ​ពន្ធដារ​ខេត្ត ផ្លូវ​កេសរ​កូ​ល និង​ផ្លូវ​ស្វាយមាស​។​

​ជាមួយគ្នា​នោះ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី បាន​មានប្រសាសន៍​លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ដល់​ពេលដែល​ត្រូវ​សិក្សា​រៀបចំ​ផែនការមេ ដើម្បី​ធ្វើ​ការជួស​ជុស កែលម្អ​ឡើងវិញ ដូច​ក្រុង​ព្រះ​សហ​នុ ឱ្យ​ស័ក្តិ​សមជា​ទីក្រុង​ទេសចរណ៍ ដើម្បី​លើកស្ទួយ​មុខមាត់​ប្រទេសជាតិ នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ភ្ញៀវទេសចរ​អន្តរជាតិ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល កំពុង​សិក្សា​ស្វែងរក​ប្រភព​ថវិកា ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​៣៨​ខ្សែ​នេះ ។ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ក៏បាន​លើកឡើង​ផងដែរ​ថា ខេត្តសៀមរាប ជា​ប៉ូល​សេដ្ឋកិច្ច ក៏​សំខាន់​មួយ​របស់​កម្ពុជា និង​ជា​តំបន់​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​បាត់ដំបង​-​សៀមរាប​។​

​ឯកឧត្តម​ទេសរដ្ឋមន្ដ្រី ក៏បាន​លើកឡើង គម្រោង​ដែល​ក្រសួង កំពុង​ជួសជុល កែលម្អ​ឡើងវិញ គម្រោង​ផ្លូវ​វាង​ក្រុង​រួមមាន​៖ ផ្លូវ​ខេត្ត​លេខ 2SR3 ប្រវែង ១៤,៩៥​គីឡូម៉ែត្រ បំបែក​ពី​ផ្លូវជាតិ​លេខ​៦ ត្រង់​គីឡូម៉ែត្រ ៣០៨+៨៣០ (​ចុង​កៅស៊ូ​) ដល់​គីឡូម៉ែត្រ ៣១៩+៦០០ (​ទឹក​វិល​) ក្រាល​កៅស៊ូ DBST និង​ផ្លូវ​ខ្នារ​ចាស់ (​វិថី​សម្តេច ជា ស៊ីម​) ប្រវែង ៤,៦០​គីឡូម៉ែត្រ បន្ត​ពី​ផ្លូវ ៧​មករា ចាប់ពី​ផ្លូវ​លេខ 2SR3 ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​លេខ 265F ប្រើប្រាស់​ថវិកា​ឥណទាន ADB និង​គម្រោង​ផ្លូវ​វាង​ខាងត្បូង​ក្រុង​សៀមរាប ប្រើប្រាស់​ឥណទាន​ហិរញ្ញប្បទាន​សាធារណរដ្ឋ​កូរ៉េ EDCF មាន​ប្រវែង​៤៥​គីឡូម៉ែត្រ ចាប់ពី​ផ្លូវជាតិ​លេខ ៦ ត្រង់ចំណុច គីឡូម៉ែត្រ​២៩១ ដល់​គីឡូម៉ែត្រ ៣៣០ កំពុង​សិក្សា​ជ្រើសរើស​គន្លង​ខ្សែ​ផ្លូវ និង​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​។ ព្រមជាមួយ​គម្រោង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ គម្រោង​សិក្សា​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ ជា​បណ្តុំ​
​បណ្ដាញ​ផ្លូវ​មេ​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ក្រុង​សៀមរាប នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ក្នុង​ខេត្តសៀមរាប កាត់បន្ថយ​ពេលវេលា​ក្នុងការ​ដឹកជញ្ជូន និង​ចរាចរណ៍​ទំនិញ​គ្រប់​ប្រភេទ កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​សៀមរាប ឱ្យ​សាក​សមជា​ទីក្រុង​ទេសចរណ៍វប្បធម៌ និង​ប្រវត្តិសាស្ត្រ របស់​កម្ពុជា​។​

​ម្យ៉ាងទៀត គម្រោង​ផ្លូវ​នេះ នឹងចូលរួម​ជំរុញ និង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច តាមរយៈ​តំបន់​ទេសចរណ៍​នានា ជាពិសេស​តំបន់​ភាគខាងត្បូង និង​ការធ្វើសមាហរណកម្ម​ប្រជាពលរដ្ឋ​ដែល​នៅ​ជាយក្រុង​ដាច់ស្រយាល មកកាន់​តែ​ជិត​ក្រុង​ត​ភ្ជាប់​ទីប្រជុំជន​ក្រុង​សៀមរាប ដោយ​កាត់បន្ថយ​គម្លាត​រវាង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង និង​តំបន់​ដាច់ស្រយាល​នៅ​ជាយក្រុង ក្នុងការ​ទទួលបាន​ស​មិទ្ធ​ផល​ប្រកបដោយ​បរិ​យា​ប័ន្ន​៕

អត្ថបទដែលជាប់ទាក់ទង