អគ្គនាយកស៊ីម៉ាក់ ៖ តើយកមូលដ្ឋានអ្វីជាសំអាង ដែលលើកឡើងថា ការបោះឆ្នោតនៅកម្ពុជាលើកនេះ មិនឆ្លុះបញ្ចាំងឆន្ទៈប្រជាជនកម្ពុជា
ភ្នំពេញ៖ បន្ទាប់ពីការបោះឆ្នោតនៅកម្ពុជា ត្រូវបានបញ្ចប់ហើយ បណ្តាប្រទេសមហាអំណាចមួយចំនួន បានចេញសាររបស់ខ្លួន មិនទទួលលទ្ធផលការបោះឆ្នោតនេះ ត្រូវបានលោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់ CMAC ) បានបញ្ជាក់ថា តើយកមូលដ្ឋានអ្វីជាសំអាងដែលលើកឡើងថា “ការបោះឆ្នោតនៅកម្ពុជាលើកនេះ មិនឆ្លុះបញ្ចាំងឆន្ទៈប្រជាជនកម្ពុជានោះ? ទាល់តែមានអំពើហឹង្សាកើតឡើង បានហៅថាបោះឆ្នោតត្រឹមត្រូវ និងសេរីមែនទេ?”។
បើតាមការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៣០ខែកក្កដា លោកហេង រតនា បានបញ្ជាក់ថា បណ្តាប្រទេសដែលរងឥទ្ធិពលបដិវត្តន៍ពណ៌ នៅរយៈពេលចុងក្រោយនេះ រួមមាន នៅប្រទេសអេហ្ស៊ីប ប្រទេសទុយណេស៊ី ប្រទេសលីប៊ី ប្រទេសអ៊ុយក្រែន ប្រទេសស៊ីរី និងប្រទេសកម្ពុជា ឃើញថា មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ដែលគេចផុតពីសង្គ្រាមស៊ីវិល និងរដ្ឋប្រហារ។
លោកបានបន្ថែមថា ប្រទេសអ៊ុយក្រែន កើតមានសង្គ្រាមស៊ីវិលនិងបាត់បង់ទឹកដីក្រេមមៀរ។ ប្រទេសទុយណេស៊ី លីប៊ី និងស៊ីរី កើតមានសង្គ្រាមស៊ីវិលធ្ងន់ធ្ងរ និងមិនអាចរកមធ្យោបាយបញ្ចប់សង្គ្រាមបាននៅឡើយទេ។ ប្រទេសអេហ្ស៊ីប ធ្វើរដ្ឋប្រហារយោធា និងសម្លាប់ពួកបាតុករ រំលាយបក្សប្រឆាំងនោះ នៅថ្ងៃ២៨ កក្កដា ២០១៨នេះ តុលាការអេហ្ស៊ីបបានសម្រេចចិត្តប្រហារជីវិតពួកបាតុករ៧៥នាក់ និងបន្តដាក់គុកជិត៨០០នាក់។
លោកបញ្ជាក់ថា ដោយឡែកនៅកម្ពុជា បានបញ្ចៀសសង្គ្រាមស៊ីវិល ដោយត្រឹមរំលាយបក្សប្រឆាំង និងហាមឃាត់មនុស្សមួយចំនួន មិនឱ្យធ្វើនយោបាយ៥ឆ្នាំ។ នេះជាមហាសំណាងសម្រាប់កម្ពុជា ដោយបានបញ្ចប់បដិវត្តន៍ពណ៌ និងមិនវិលត្រឡប់ទៅរកសង្គ្រាមស៊ីវិលវិញ ប៉ុន្តែបានវិលមករកការបោះឆ្នោត ជាប្រក្រតីឡើងវិញ និងជាការបោះឆ្នោតប្រកបដោយសុខសន្តិភាព ដែលប្រជាជនទាំងអស់រីករាយស្វាគមន៍ ចង់បានស្អីទៀត?។
បណ្តាប្រទេសមហាអំណាច ដែលមិនពេញចិត្តចំពោះលទ្ធផលបោះឆ្នោតនៅកម្ពុជា ហើយបាននាំគ្នាសេចក្តីថ្លែងការណ៍ព្រមគ្នា ដូចជាសហភាពអឺរ៉ុប ក្រសួងកិច្ចការពិភពលោកកាណាដា សហរដ្ឋអាមេរិក ជាដើម។