ម្ចាស់ស្តង់ទិញលក់អែតចាយ យកគ្រាប់កាំភ្លើងធំ១០៥មីលី្លម៉ែត្រមកកែច្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ បណ្តាលឲ្យផ្ទុះស្លាប់
នៅល្ងាចថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល មានករណីផ្ទុះគ្រាប់កាំភ្លើងធំ១០៥មីលី្លម៉ែត្រ បណ្តាលឲ្យស្លាប់បុរស អាយុ៥៥ ឆ្នាំជាម្ចាស់ស្តង់ទិញលក់អែតចាយ និងកែច្នៃធ្វើឧបករណ៍គ្រឿងបន្លាស់ផ្សេងៗ។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរសារលើហ្វេសប៊ុកថា សូមចូលរួមសោកស្តាយជាមួយគ្រួសារសព។
ឆ្លៀតឱកាសនេះ សូមអំពាវនាវជាថ្មីចំពោះប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបមុខរបរគ្រឿងអេតចាយ សូមបញ្ឈប់ការយកគ្រប់សំណល់ពីសង្គ្រាមមកកែច្នៃ ព្រោះវាខុសច្បាប់ និងគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង សមាជិកគ្រួសារ និងអ្នកជិតខាង។
បុរសម្នាក់បានស្លាប់ភ្លាមៗដោយសាកសពត្រូវបែកខ្ចាយជាបំណែកៗ ដោយសារឥទ្ធិពលនៃគ្រាប់បែក ដែលខ្លួនបានយកមកកែច្នៃ គ្មានបច្ចេកទេស។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ វេលាម៉ោង ១២៖៤៥នាទី ចំណុចភូមិត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពបានរៀបរាប់សាច់រឿងថា តាមការបំភ្លឺរបស់កូនបង្កើតជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំ បានឲ្យដឹងថា នៅអំឡុងប្រហែលជាង១០ឆ្នាំមុន ជនរងគ្រោះបានបង្កើតសិប្បកម្មកែច្នៃគ្រឿងយន្តកសិកម្ម លក្ខណៈគ្រួសារ។
លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានយកគ្រាប់ប្រភេទពុំស្គាល់ ដោយប្រើម៉ូទ័រមកអារកាត់កែច្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន។ រំពេចនោះស្រាប់តែផ្ទុះគ្រាប់យ៉ាងសន្ធឹក ដែលបណ្ដាលឱ្យជនរងគ្រោះស្លាប់ដាច់សាច់ខ្ទាតជាបំណែក នៅជុំវិញកន្លែងកើតហេតុតែម្ដង។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។