ទីតាំងល្បែងស៊ីសងមួយកន្លែង ក្នុងក្រុងស្ទឹងត្រែង ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌចុះបង្ក្រាបបានតែវត្ថុតាង ឯមនុស្សរត់បាត់អស់
ស្ទឹងត្រែង៖ ទីតាំងល្បែងស៊ីសងមាន បៀ អាប៉ោង បោះសេះ ខ្លាឃ្លោក ខុសច្បាប់ដែលមានទីតាំង ស្ថិតនៅភូមិរាជានុកូល សង្កាត់ក្រុងខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៧ មិថុនា ២០២០ ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការចុះបង្ក្រាបបណ្តាលឲ្យក្រុមអ្នកលេងល្បែង បានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូ និងសម្ភារលេងល្បែងមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូចំនួន ១១គ្រឿង, បៀចំនួន ៨ ហ៊ូ , គ្រាប់អាប៉ោង ២គ្រាប់ និងហាន់តោអាប៉ោង ១ កម្រាល ចានទ្រអាប៉ោងចំនួន ១ , គ្រាប់ឡុកឡាក់ក្រឡុកសេះចំនួន ២ និង ហាន់តោសេះ១កម្រាល និងសេះ១៦, ខ្លាឃ្លោកនិងកម្រាល គ្រាប់ចំនួន៤, តេឡេ បញ្ជាការលេងអាប៉ោងមួយគ្រឿង, លុយខ្មែរចំនួន ៧៣.៥០០រៀល, ភួយក្រាលលេងបៀ៣ កម្រាល ស្បែកជើងចំនួន ១៤គូ រីឯក្រុមអ្នកលេង បានរត់គេចខ្លួនអស់ ។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿង រៀបចំទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី ៕