សាច់ប្រហិតចម្រុះខូចគុណភាព ជាង២តោន ត្រូវបានដុតបំផ្លាញចោលនៅក្រុងបាត់ដំបង
បាត់ដំបង៖មន្ត្រីជំនាញ បានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាម ដែលឈ្មួញទុចរិតនាំចូលពីក្រៅប្រទេស បម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង។
នៅព្រឹកថ្ងៃ ចន្ទ ទី ២៩ខែ មិថុនា ឆ្នាំ២០ ២០ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង និងស្ថិតក្រោមការដឹកនាំរបស់លោក គឺ បុណ្ណរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងជំនាញដែលមានលោកវរសេនីយ៍ទោ យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចូលរួមសហការណ៍ជាមួយរដ្ឋបាលក្រុងបាត់ដំបង អាជ្ញាធរមូលដ្ឋាន អង្គភាពជំនាញសាខាកាំកុងត្រូល និងផ្នែកពាក់ព័ន្ធ បានធ្វើការដុតបំផ្លាញចោលនូវសាច់ប្រហិតចម្រុះខូចគុណភាពចំនួន២៤៥០គីឡូក្រាម ដែលឈ្មួញទុច្ចតនាំចូលពីក្រៅប្រទេសបម្រុងយកមកលក់ចែកចាយបន្តនៅក្នុងខេត្តបាត់ដំបង ប៉ុន្តែត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបបានទាន់ពេលវេលា ។
នៅចំពោះទិដ្ឋភាពបែបនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង សូមធ្វើការអំពាវនាវដល់អ្នកប្រកបមុខរបរដូចខាងលើ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការលួចនាំចូល នូវប្រភេទ(ប្រហិតឬសាច់មាន ឬជង្គង់មាន់)ខូចគុណភាព យកមកលក់ចែកចាយដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តបាត់ដំបង ព្រោះប្រភេទសាច់ខូចគុណភាពទាំងនេះ ពិតជាបានបង្កផលប៉ះពាល់ខ្លាំងណាស់ចំពោះអ្នកប្រើប្រាស់ ម្យ៉ាងវិញទៀតក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះការទិញ ឬការបរិភោគផលិតផលទាំងនេះព្រោះវាប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងណាស់ ៕