រាជបណ្ឌិត្យសភាកម្ពុជា សូមស្វាគមន៍រាល់សំណើពិនិត្យអនុម័តបច្ចេកសព្ទថ្មីពីក្រសួងស្ថាប័នជំនាញទូទៅ
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ជូនថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន ១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួយ ដែលមានភារកិច្ចសំខាន់ពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទថ្មី ដោយមានអ្នកជំនាញឯកទេសជាច្រើនចូលរួម ហើយការអនុម័ត ក៏មិនអាចដោយអ្នកឯកទេស តែម្នាក់ ឬពីរនាក់បានទេ។
រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនអនុញ្ញាតឱ្យបញ្ជូនអ្នកឯកទេសតំណាងស្ថាប័ន តែម្នាក់ឬពីរនាក់ ដើម្បីចូលរួមពិភាក្សាពីបច្ចេកសព្ទនៅក្រៅស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឡើយ។
នៅក្នុងពិធីសន្និសីទកាសែតនាព្រឹកថ្ងៃអង្គារនេះ នៅរាជបណ្ឌិតសភាកម្ពុជាស្តីពីក្រុមប្រឹក្សាជាតិភាសាខ្មែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បញ្ជាក់ជូនអ្នកសារព័ត៌មានថា ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានគណ:កម្មការបច្ចេកសព្ទជំនាញឯកទេសចំនួន១៧គណ:កម្មការ និងគណ:កម្មការជាតិភាសាខ្មែរមួយ ដែលមានភារកិច្ចសំខាន់ពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទថ្មីៗ ដោយមានអ្នកជំនាញឯកទេសជាច្រើនចូលរួម ហើយការអនុម័ត ក៏មិនអាចរៀបចំធ្វើឡើងដោយអ្នកឯកទេស តែម្នាក់ ឬពីរនាក់បានទេ។
រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនអនុញ្ញាតឱ្យបញ្ជូនអ្នកឯកទេសតំណាងស្ថាប័ន តែម្នាក់ឬពីរនាក់ ដើម្បីចូលរួមពិភាក្សាពីបច្ចេកសព្ទនៅក្រៅស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាឡើយ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសស្វាគមន៍គ្រប់ស្ថាប័នជំនាញនានា ទាំងស្ថាប័នរដ្ឋ និង ឯកជន ដែលមានបំណងរៀបចំបញ្ជីបច្ចេកសព្ទ ឬចង់បង្កើតពាក្យថ្មីៗដែលពាក់ព័ន្ធនឹងការងាររបស់ស្ថាប័នរបស់ខ្លួន អាចធ្វើការសហការការងារ ពិនិត្យនិងពិភាក្សាដោយអ្នកជំនាញឯកទេសជាច្រើននៃក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីអនុម័តសម្រាប់ការប្រើជាផ្លូវការនិងមានការទទួលស្គាល់ឱ្យបានទូលំទូលាយបន្ថែមទៀត។
សេចក្តីជូនដំណឹងនេះ បានប្រកាសជាចំហដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសសន្និសីទកាសែត ស្ដីវឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅអគារឥន្ទ្រទេវី។
សូមបញ្ជាក់ថាកន្លងមកនេះ ក្រសួងបរិស្ថាន បានបញ្ជូនក្រុមការងារជំនាញបរិស្ថាន នាំយកបញ្ជីបច្ចេកសព្ទបរិស្ថាន មកជួបពិភាក្សា និងស្នើឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរ ពិនិត្យនិងអនុម័ត ទុកសម្រាប់ការប្រើប្រាស់នៅក្នុងក្រសួងបរិស្ថាន។
កន្លងមកនេះរាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល រៀបចំកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ពីបច្ចេកសព្ទថ្មីៗ តាមជំនាញ។ បន្ថែមលើពីនេះ រាជបណ្ឌិត្យសភាកម្ពុជា តាមរយៈអ្នកឯកទេសខាងភាសាខ្មែរ និងក្រុមការងារនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏កំពុងរៀបចំវចនានុក្រមខ្មែរ ហើយត្រៀមនឹងបង្ហើយការងារសម្រាប់ដាក់ជូនរាជរដ្ឋាភិបាលក្នុងពេលឆាប់ខាងមុខនេះ។
បណ្ឌិត សុខ ទូច បានលើកឡើងថា ស្ថាប័នរដ្ឋដែលពាក់ព័ន្ធមួយចំនួន បានប្រើប្រាស់ពាក្យខ្មែរ ដោយមិនបានពិគ្រោះយោបល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមបណ្ឌិត សុខ ទូច ពីពេលនេះតទៅស្ថាប័នទាំងអស់ត្រូវតែទាក់ទងមកស្ថាប័នជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងការប្រើប្រាស់ភាសាខ្មែរ។ ស្ថាប័នក្រុមប្រឹក្សាភាសាជាតិត្រូវតែដំណើរការ បើមិនដូច្នោះទេ ប្រឈមនឹងការដកចេញពីរាជបណ្ឌិត្យសភាកម្ពុជា៕