ខួបលើកទី ៧០ នៃចំណងការទូតរវាងអាមេរិក និងកម្ពុជា និងបុណ្យខួបគម្រប់លើកទី២៤៤ នៃថ្ងៃបុណ្យឯករាជជាតិរបស់អាមេរិក
សៀមរាប៖ នៅយប់ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅល្ខោនសៀកកម្ពុជាហ្វារ (Phare) ស្នាក់ការខេត្តសៀមរាប មានពិធីខួបគម្រប់លើកទី៧០ នៃចំណងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា និងបុណ្យខួបគម្រប់លើកទី២៤៤ នៃថ្ងៃបុណ្យឯករាជជាតិរបស់សហរដ្ឋអាមេរិក ក្រោមគណៈអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ។
សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នៅឆ្នាំ១៩៥០ មកដល់ឆ្នាំ២០២០ គឺជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនេះ។ ដើម្បីបង្ហាញពីការរួមចំណែករបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ក៏ដូចជាភាពជាដៃគូជាច្រើនដែលជួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគី និងការងាជាច្រើនទៀតដែលស្ថានទូតទាំងមូលបាន និងកំពុងផ្តោតលើការយកចិត្តទុកដាក់មកលើព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា រួមទាំងបុគ្គល ស្ថាប័ន និងអង្គការដែលមានការប្តេជ្ញាចិត្តដូចយើង ក្នុងការចង់ឲ្យព្រះរាជាណាចក្រមួយនេះមានវិបុលភាព ប្រជាធិបតេយ្យ និង អធិបតេយ្យភាព ។
ក្នុងឆ្នាំ២០២០ ស្ថានទូតនឹងផ្តោតលើវិស័យជាប្រធានបទដែលមាន ការងារ និងការរួមចំណែករបស់យើង ដោយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម សកម្មភាពជាមួយសាធារណជន ការផ្លាស់ប្តូរគ្នា ការធ្វើដំណើរ និងការចុះមើលទីកន្លែងនានា និងកម្មវិធីផ្សេងទៀត។
ខួបលើកទី៧០ នៃចំណងទាក់ទងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នឹងមានខែនីមួយៗ នៃឆ្នាំ២០២០ ផ្តោតលើប្រធានបទ កសិកម្ម,យុវជន អប់រំ និងបច្ចេកវិទ្យា,ស្ត្រី និងសមធម៌យេនឌ័រ,បរិស្ថាន,សុខភាពសាធារណៈ,ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន,ការអបអរខួបលើកទី៧០,ជំនួយមនុស្សធម៌,ពាណិជ្ជកម្ម និងការវិនិយោគ,ការអនុវត្តច្បាប់
,សហប្រតិបត្តិការក្នុងតំបន់/អាស៊ាន,លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ក្នុងកម្មវិធីនេះដែរ លោកអគ្គរដ្ឋទូតអាមេរិក និងប្រជាពលរដ្ឋអាមេរិក បានប្រារព្ធទិវាឯករាជជាតិរបស់ខ្លួនលើកទី២៤៤ ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលដែនដីអាមេរិកបានស្ថិតក្រោមអាណានិគមអង់គ្លេស នៅអាមេរិកខាងជើង និងការរួបរួមបញ្ចូលគ្នាប្រកាសឯករាជភាពរបស់ខ្លួន ពីអាណានិគមអង់គ្លេស កាលពីថ្ងៃទី៤ ខែ កក្កដា ឆ្នាំ១៧៧៦ ហើយបានដាក់ ឈ្មោះខ្លួនឯងថា “ សហរដ្ឋអាមេរិក (United States of America = USA )៕