អត្តពលិកអត្តពលកម្ម៥រូប ជាប់ជម្រើសជាតិ ឆ្នាំ២០២០ដោយស្វ័យប្រវត្តិ
ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាអត្តពលកម្មស័គ្រចិត្ត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំដើម្បីជ្រើសរើសគូ្របង្វឹកចំនួន៥នាក់ និងកីឡាករ-កីឡាការិនីអត្តពលកម្មចំនួន១០នាក់សម្រាប់ចូលរួមប្រមូលផ្តុំក្រុមអត្តពលិកជម្រើសជាតិឆ្នាំ២០២០ដោយដឹកនាំពីលោក ផៃ សុខ អនុប្រធាន តំណាងឲ្យអ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងប្រធានសហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្តនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
ក្នុងកិច្ចប្រជុំនេះផងដែលលោក ហ៊ុន បូរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡា អត្តពលកម្មស័គ្រចិត្ត បានធ្វើរបាយការណ៍ជូនអង្គប្រជុំពីសកម្មភាពគូ្របង្វឹកនាក់ និងសមត្ថភាពកីឡាករ-កីឡាការិនីអត្តពលកម្ម។ ក្នុងនោះកីឡាករ-កីឡាការិនី៥នាក់ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 ព្រមទាំងទទួលបានលទ្ធផលល្អថែមទៀត។
យោងតាមស្មារតីអង្គប្រជុំនិយាយថា ចំពោះកីឡាករ-កីឡាការិនី៥នាក់ដែលធ្លាប់ចូលរួមព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 ព្រមទាំងទទួលបានលទ្ធផលល្អថែមទៀតត្រូវជាប់ក្រុមជម្រើសជាតិដោយស័្វយប្រវត្តិ ហើ៥នាក់ទៀតសហព័ន្ធនឹងតេស្តិ៍សមត្ថភាពស្វែងរកចំនួនបន្ថែមទៀត ត្រូវអនុញ្ញាតកីឡាករ-កីឡាការិនីនៅតាមបណ្តោលខេត្តនានាចូលរួមទំាងអស់ដើម្បីរកកីឡាករ-កីឡាការិនីមានសមត្ថភាពពិតប្រាកដ។
ចំណែកលោកគ្រូបង្វឹកចំនួន៧នាក់ដែលឈរឈ្មោះ អង្គប្រជុំសម្រេចជ្រើសរើស៥នាក់តាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាឲ្យ។ ដូច្នេះក្រុមជម្រើសជាតិអត្តពលកម្មឆ្នាំនេះមានគ្រូបង្វឹកចំនួន៥នាក់ កីឡាករ-កីឡាការិនី១០នាក់ក្នុងនោះកីឡាការិនី២នាក់ ចំពោះក្រុមជម្រើសជាតិអត្តពលកម្មថ្នាលវិញមានគ្រូបង្វឹកចំនួន៤នាក់ កីឡាករ-កីឡាការិនី១៨នាក់ក្នុងនោះកីឡាការិនី៧នាក់៕