ថ្ងៃនេះ ប្រទេសឥណ្ឌា បានហក់ឡើងទៅឈរក្នុងលំដាប់លេខ៣ ជាប្រទេសមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេបំផុត នៅលើពិភពលោក
ប្រទេសឥណ្ឌា បានហក់ឡើងទៅឈរក្នុងលំដាប់លេខ៣ហើយ នៅថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាប្រទេសមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ដោយទាញទម្លាក់ប្រទេសរុស្ស៊ី ឲ្យឈរក្នុងលំដាប់លេខ៤វិញ និងប្រទេសប្រទេសប៉េរូ ឈរក្នុងលំដាប់លេខ៥ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទដដែលនេះ ចំនួនមនុស្សឆ្លងថ្មីនៃវីរុស Covid-19 នៅទូទាំងពិភពលោកមានចំនួន ១៧១,៥០៦នាក់ និងមនុស្សស្លាប់ក្នុងរយៈពេលមួយថ្ងៃដូចគ្នាមានចំនួន ៣,៥១៩នាក់។
សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាងច១១លានកន្លះនាក់ហើយ គឺចំនួន ១១,៥៤៦,៥៤៩នាក់ និងកំណើនមនុស្សស្លាប់ ដោយសារវីរុសនេះ ក៏បានកើនឡើងដល់ជាង ៥៣ម៉ឺននាក់ដែរ គឺចំនួន ៥៣៦,៣៩២នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយ ពីវីរុសផ្លូវដង្ហើមមួយនេះ ក៏បានកើនឡើងដល់ជាង ៦លានកន្លះនាក់ដែរ គឺចំនួន ៦,៥២៦,៧៦៥នាក់ផងដែរ គិតត្រឹមថ្ងៃចន្ទដដែលនេះ៕