ACU បញ្ជូនអភិបាលរងខេត្តបាត់ដំបងម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីដីធ្លី នៅស្រុកគាស់ក្រឡ
ភ្នំពេញ៖លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាមួយនឹងឧកញ៉ា សង ថង ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនខ្លួនឡើងតុលាការ ដើម្បីបន្តនីតិវិធីច្បាប់នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក ស៊ូ អារ៉ាហ្វាត់ ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ អង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនលោកឧកញ៉ា សង ថន មកសាកសួរពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយបានបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីអភិបាលនៃគណៈអភិបាល ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សម្តេចតេជោ បានថ្លែងថា ជនឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីនឹងត្រូវមានទោស។ កាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។
សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ
១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្ទ្រានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ
២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។
២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឲ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។
៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕
ដោយ៖កូឡាប