ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល ចេញ​សេចក្ដីប្រកាស​រួម​ស្ដីពី លទ្ធផល​នៃ​កិច្ច ប្រជុំពិភាក្សា ពិគ្រោះ​យោបល់​លើ សំណើសុំ ធ្វើ​វិសោធន កម្ម​ច្បាប់ ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

165

ភ្នំពេញ៖ ​ក្នុង​សេចក្ដីប្រកាស​រួម​របស់​ក្រសួងមហាផ្ទៃ និង​អង្គការ​សង្គម​ស៊ីវិល ចេញផ្សាយ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នាទី ស្តី​ការ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ផ្អែកលើ​លទ្ធផល នៃ​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​សង្គម​ស៊ីវិល លើក​ទី​៣ កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩ កន្លងមក តំណាង អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៥០០ បានស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល ធ្វើការ​ពិនិត្យ និង​ពិចារណា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​ផ្អែកលើ​មូលដ្ឋាន​នេះ ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ដើម្បី​សម្រប សម្រួល ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា និង​ពិគ្រោះ​យោបល់ ជាមួយ​តំណាង អង្គការ​សង្គម​ស៊ីវិល ដើម្បី​ស្វែងយល់​ពី​គោលបំណង និង​ហេតុផល​ក្នុងការ​លើកសំណើរ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយបាន​ចាប់ផ្ដើម​ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ដែលជា​កិច្ចប្រជុំ​លើក​ទី​៦ និង​ជា លើក ចុងក្រោយ​ផងដែរ​។ ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កន្លងមក ក៏ដូចជា​នា​ថ្ងៃនេះ ក្រុមការងារ​បាន​ពិភាក្សា និង​ពិគ្រោះ​យោបល់​លើ មាត្រា​ចំនួន​១៧ រូ​ម​មាន​៖ មាត្រា​១ ,​មាត្រា​៣ ,​មាត្រា​៤ ,​មាត្រា​៧ ,​មាត្រា​៨, មាត្រា​៩ ,​មាត្រា​១០ ,​មាត្រា​១១ ,​មាត្រា​២០ ,​មាត្រា​២៤ ,​មាត្រា​២៥ ,​មាត្រា​២៦ ,​មាត្រា​២៧ ,​មាត្រា​៣០ ,​មាត្រា​៣១ ,​មាត្រា​៣២ និង​មាត្រា​៣៥​។​
​ក្រុមការងារ​របស់​រា​ជ​រដ្ឋាភិបាល ក៏​ដូច​ក្រសួងមហាផ្ទៃ ក៏បាន​ប្ដេជ្ញា​ថា នឹង​រៀបចំ​នូវ​កិច្ចប្រជុំ​ពិគ្រោះ យោបល់​បន្ដទៀត ជាមួយ​តំណាង អង្គការ​សង្គម​ស៊ីវិល ក្នុង​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពង្រឹងពង្រីក​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​សូមជម្រាបថា នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បាន​បន្ត​កិច្ចប្រជុំ​លើក​ទី​៦ ដើម្បី​ពិភាក្សា និង​ពិគ្រោះ​យោបល់ លើ​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​នឹង​ការ ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ដោះស្រាយ​សំណើ និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​៕​

អត្ថបទដែលជាប់ទាក់ទង