ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកធ្លាក់​ភ្នំ​គូលែន ជាទឹកធម្មជាតិធម្មតា ពុំមែនជា​ទឹក​អ​ម្រិ​ត ឬ​អាទិទេព​នោះទេ

162

 

​សៀមរាប​៖ រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​៦​ខែកក្កដា​ឆ្នាំ​២០២០ បានចេញ​របាយការណ៍​នៃ​ការសិក្សា​ស្រាវជ្រាវ​ស្តីពី «​ការពិនិត្យ​គុណភាព​ទឹក​នៅ​ភ្នំ​គូ​លេន​» ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ បើតាម​របាយការណ៍​បាន​សន្និដ្ឋានថា គុណភាព​ទឹកធ្លាក់​ភ្នំ​គូលែន​មាន​លក្ខណៈ​ល្អ​បង្គួរ ពី​ធម្មជាតិ​ដែល​អាច​ទ្រទ្រង់​ជីវិត​ភាវរស់​ទាំងអស់ និង​ល្អ​សម្រាប់​ការស្រោចស្រព​ដំណាំ​កសិកម្ម​នានា ក៏ប៉ុន្តែ​មិនមាន​គុណភាព​ល្អ​គ្រប់គ្រាន់​សម្រាប់​ទឹក​ពិសា​នៅឡើយ​ទេ ទឹកធ្លាក់​ភ្នំ​គូលែន​ដែលមាន​ការអះអាង​ថា​ជា​ទឹក​អ​ម្រិ​ត ឬ​អាទិទេព​នោះ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​តាមបែប​ជំនឿ​សាសនា​កាលពី​សម័យមុន​នោះ ហើយ​ដែល​វិទ្យាសាស្ត្រ​បច្ចេកទេស​វិទ្យា​មិនទាន់​អាច​បញ្ជាក់​ពី​គុណភាព​ទឹក​នៅឡើយ​។​

​កាលពី​ថ្ងៃទី ២៥- ២៩ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា​ពីររូប និង​មន្ត្រី​បី​រូប​ទៀត​ពី​សមាគម​គីមី​កម្ពុជា និង​សាកលវិទ្យាល័យ​អន្តរជាតិ បាន​ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្តីពី «​ការពិនិត្យ​គុណភាព​ទឹក​នៅ​ភ្នំ​គូ​លេន​» ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​តាម​លទ្ធផល​នៃ​ការកំណត់​គុណភាព​នៃ​ទឹកធ្លាក់​ភ្នំ​គូលែន​បាន​បង្ហាញថា​ទឹកធ្លាក់​ភ្នំ​គូលែន មាន​ផ្ទុក​បណ្តា​សារធាតុ​រ៉ែ និង​លោហៈ​ធ្ងន់​មួយចំនួន ក្នុង​បរិមាណ​មួយ​ស្ថិតក្នុង​ចន្លោះ ឬ​ទាប​ជាង​កម្រិត​គុណភាព​ស្តង់ដារ​នៃ​ទឹក​លើកលែងតែ​ដែក និង​ម៉​ង់​កា​ណែ​ស​ដែលមាន​បរិមាណ​លើស​កម្រិតស្តង់ដារ ក្នុង​ទីតាំង​ខ្លះៗ​នៃ​ភាគសំណាក​ទឹក​។​

​ជា​សេចក្តីសន្និដ្ឋាន គុណភាព​ទឹកធ្លាក់​ភ្នំ​គូលែន​មាន​លក្ខណៈ​ល្អ​បង្គួរ ពី​ធម្មជាតិ​ដែល​អាច​ទ្រទ្រង់​ជីវិត​ភាវរស់​ទាំងអស់ និង​ល្អ​សម្រាប់​ការស្រោចស្រព​ដំណាំ​កសិកម្ម​នានា ក៏ប៉ុន្តែ​មិនមាន​គុណភាព​ល្អ​គ្រប់គ្រាន់​សម្រាប់​ទឹក​ពិសា​នៅឡើយ​ទេ ព្រោះ​វា​មាន​សភាព​ល្អក់ និង​មាន​ផ្ទុក​បណ្តា​មីក្រូ​ជីវសាស្ត្រ​ក្នុង​កម្រិត​ខ្ពស់​បង្គួរ ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ស្បែក​មនុស្ស​។ ប្រព្រឹត្ត​កម្ម ឬ​ការសម្អាត​ទឹក​គួរតែ​ត្រូវធ្វើ​មុន​យក​ប្រភពទឹក​ទាំងនេះ​ទៅ​ពិសា ឬ​ប្រើប្រាស់​តាម​ផ្ទះ​។ សម្រាប់​ការអះអាង​ថា​ទឹកធ្លាក់​ភ្នំ​គូលែន​ជាំ​ទឹក​អ​ម្រិ​ត ឬ​អាទិទេព​នោះ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​តាមបែប​ជំនឿ​សាសនា​កាលពី​សម័យមុន​នោះ ហើយ​ដែល​វិទ្យាសាស្ត្រ​បច្ចេកទេស​វិទ្យា​មិនទាន់​អាច​បញ្ជាក់​ពី​គុណភាព​ទឹក​នៅឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង