ជនជាតិឡាវម្នាក់ ជួញគ្រឿងញៀន៧គីឡូក្រាម ត្រូវចាប់ខ្លួន
ស្ទឹងត្រែង៖ជនជាតិឡាវម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហកាជាមួយ BLO
ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល និងកម្លាំងស្នងការដ្ឋាននគរបាលនគរបាលខេត្ត ដឹកនាំដោយឧត្តមសេនីយ៍ទោ ដុស វណ្ណាសុវឌ្ឍនៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០ នាទីព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ ត្រង់នៅចំណុចកំពង់ទូក ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកឧត្តមសេនីយ៍ទោដុស វណ្ណាសវឌ្ឍនៈ នាយការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យជនជាតិឡាវ ដែលសមត្ថកិច្ចចាប់
ខ្លួនមានឈ្មោះភិត ងិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិឡាវ មានស្រុកកំណើត ភូមិអូនភូសៃ ស្រុកញុំម៉ាឡាត ខេត្តខាំមួន ប្រទេសឡាវ។ បច្ចុប្បន្នរស់នៅភូមិកោះសាដាំ ស្រុកខូង ខេត្តចំប៉ាសាក់។
សមត្ថកិច្ចបានបើកការស៊ើបអង្កេត និងចុះបង្ក្រាបករណីរក្សាទុកដឹកជញ្ជូន នូវគ្រឿងញៀនចំនួន ៥កញ្ចប់ធំ។ ក្រោយការការចាប់ខ្លួន ដោយមានវត្ថុតាង។ កម្លាំងនគរបាលបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ធ្វើការសាកសួរពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀន ពីប្រទេសឡាវ ចូលកម្ពុជា តាមច្រកខេត្តស្ទឹងត្រែង។
ក្រោមការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងមន្ត្រីអនុវត្តច្បាប់បានធ្វើតេស្តលើវត្ថុតាងចំពោះមុខជន
សង្ស័យ។ ជាក់ស្តែងវត្ថុតាងដែលបានរឹបអូសពីជនសង្ស័យខាងលើមានចំនួន៥កញ្ចប់ធំស្មើនឹង៧១១៧,៤៧ក្រាម ជាប្រភេទមេតំហ្វេតាមីន(ICE)។
នៅវេលាល្ងាចថ្ងៃដដែលនេះ ជនជាតិឡាវ កំពុងស្ថិតនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក្រោមការសាកសួរ និងកសាងសំណុំរឿង រួមជាមួយវត្ថុតាងបញ្ជូនទៅអាយ្យាការអមសាលាដំបូងខេត្ត ដើម្បីបន្តតាមនីតិវិធី៕