ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆមាស​ទី​១ ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍  កើតឡើង​ចំនួន​១.៦១៩​លើក ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ 

85

 

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ដឹកនាំ​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ ដោយមាន​ការ ចូលរួម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សមាជិក សមាជិកា គ​.​ស​.​ច​.​គ អភិបាល​នៃ​គណៈ​អភិបាល រាជធានី​-​ខេត្ត ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ព្រមទាំង​ភាគី​ជាច្រើនរូប​ទៀត​។​

​បើតាម​របាយការណ៍ បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២០ បាន​កើតឡើង​ចំនួន​១.៦១៩​លើក បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​៨១៦​នាក់ និង​របួស​ចំនួន​២.៤៤៩​នាក់ (​របួសធ្ងន់​១.១២៣​នាក់​) អ្នកស្លាប់​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ១៤៦​នាក់ ខេត្តកំពង់ធំ ៦០​នាក់ និង​ខេត្តកណ្ដាល ៥៩​នាក់​។​

​របាយការណ៍​ដដែល រៀបរាប់ថា មូលហេតុ​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មកពី បើកបរ​លើស​ល្បឿន​កំណត់​៣៣% មិន​គោរព​សិទ្ធិ​២៣% មិន​ប្រកាន់​ស្គាំ​១៤% វ៉ា​ជែង​១០% បត់​១០% ស្រវឹង​៦% កត្តា​យានយន្ដ​៤% និង​ងងុយ​១%​។​
​បើ​ប្រៀបធៀប​ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ថយ​ចំនួន​៥៥២​លើក ស្មើ​២៥% (១.៦១៩/២.១៧១​លើក​) ស្លាប់​ថយ​ចំនួន​១៧២​នាក់​ស្មើ​១៧% (៨៦១/១.០៣៣​នាក់​) និង​របួស​ថយ​៧៧៨​នាក់ ស្មើ​២៤% (២.៤៤៩/៣.២២៧​នាក់​)​។​

របាយការណ៍​ដដែល​បានលើកឡើង​ទៀតថា ប្រតិបត្តិ​ការពិនិត្យ​អនុវត្ត​ច្បាប់ ប្រចាំ​ឆ​មា​ទី​១ ឆ្នាំ​២០២០ ទទួលលទ្ធផល ដូចជា ៖ បាន​ត្រួតពិនិត្យ​យានយន្ដ​សរុប​ចំនួន​៩៨៧.០០៣​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន​៦១% ហើយ​បាន​រកឃើញ​យានយន្ដ​ល្មើស និង​ពិន័យ​ចំនួន​២៣៤.១១៤​គ្រឿង ស្មើនឹង​២៤% ក្នុងនោះ​ម៉ូតូ​ចំនួន​៦៥%​។​

​ដោយឡែក​ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តាម​អនុក្រឹត្យ​លេខ​៣៦ អនក្រ​.​បក រយៈពេល​២​ខែ​(​ឧសភា​-​មិថុនា​) បាន​ច​ពិន័យ​សរុប​ចំនួន​៨៣.៣៨៦​ករណី ក្នុងនោះ ម៉ូតូ​ចំនួន​៦១.០២២​នាក់ ស្មើ​៧៣% និង​រថយន្ដ​ចំនួន​២២.៣៦៤​ករណី ស្មើ​២៧%​។​
​អនុវត្ត​ការបង់ប្រាក់​ពិន័យ​តាម​ស្នាក់ការ​នគរបាល​ចរាច​រណ៍​ផ្លូវគោក ដែល​បានកំណត់​ទទួលបាន​ប្រាក់​ពិន័យ​ចំនួន​១២.៥០១.១៨៥.០០០​រៀល ក្នុងនោះ មិនទាន់​បង់ប្រាក់​ពិន័យ​ចំនួន​២០%៕​

អត្ថបទដែលជាប់ទាក់ទង