តុលាការឃុំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន
ភ្នំពេញ៖ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាប់ពាក់ព័ន្ធសំណុំរឿងពុករលួយដីធ្លីដ៏រ៉ាំរ៉ៃ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីការបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារ។
លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿន មុន្នីរ័ត្ន ចោទប្រកាន់ ចំនួន៣បទល្មើស រួមមាន បទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។ ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើស រួមមានបទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។
លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ នាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីឱ្យតំណាងអយ្យការបន្តបើកការសាកសួរ អំពីករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ នាំមកកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ដោយឡែក លោកឧកញ៉ា សង ថន ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ក៏បាននាំខ្លួន មកសាកសួរកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីពុករលួយ រឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ខណៈដែលឧកញ៉ារូបនេះ មានដីប្រមាណ៥ពាន់ហិកតានៅស្រុកគាស់ក្រឡ៕