ចាប់កូនប្រសា បំផ្ទុះគ្រាប់បែកកែច្នៃ ប៉ងសម្លាប់ឱពុកនិងម្តាយក្មេក
ក្រចេះ៖ កូនប្រសាអន្ធពាលបានកែច្នៃគ្រឿងបំផ្ទុះធ្វើពីរំសេវផាវបុកដាក់ក្នុងដប ក្នុងចេតនាដុតបំផ្ទុះសម្លាប់ឱពុកនិងម្តាយក្មេកនៅក្នុងផ្ទះ តែដោយសារបំផ្ទុះខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះត្រូវរបួសខ្លួនឯង និងត្រូវកូនប្រុស ហើយត្រូវសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួន ។
នគរបាលស្រុកសំបូរ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកសំបូរកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា បានធ្វើការចាប់ខ្លួនបុរសម្នាក់បានភ្លាមៗ ពាក់ព័ន្ឋករណីប៉ុនប៉ងមនុស្សឃាត ខណៈជនដៃដល់រូបនេះបានកែច្នៃគ្រឿងបំផ្ទុះធ្វើពីរំសេវផាវបុកដាក់ក្នុងដប ក្នុងចេតនាដុតបំផ្ទុះសម្លាប់ឱពុកនិងម្តាយក្មេកនៅក្នុងផ្ទះ នៅ ភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ តែដោយសារបំផ្ទុះខុសបច្ចេកទេសបណ្តាលឲ្យផ្ទុះត្រូវរបួសខ្លួនឯង និងត្រូវកូនប្រុសអាយុ៧ឆ្នាំម្នាក់ទៀត។
ជនសង្ស័យដៃដល់ឈ្មោះ ធា ធី អាយុ៤២ឆ្នាំ ជាបុរសពោះម៉ាយ។
ដើមចមដែលឈានឲ្យមានករណីនេះ គឺដោយសារតែជនមានគំនុំខឹងឱពុកម្តាយក្មេក ដោយចោទថាការលែងលះរវាងរូបគេជាមួយ និងប្រពន្ធកាលពីជាង២ឆ្នាំមុន ដោយសារឱពុកម្តាយក្មេកទាំងពីរនាក់នេះ។
អធិការរងនគរបាលស្រុកសំបូរ លោកវរសេនីយ៍ទោ ណយ ស៊ីថាច បានបញ្ជាក់ថា តាមការសាកសួរជននេះ មានចេតនាប៉ុនប៉ងកែច្នៃរំសេវផ្ទុះ ដើម្បីយកមកបំផ្ទុះសម្លាប់ឱពុកម្តាយក្មេក ចំនួន២លើកមកហើយ តែមិនបានសម្រេច។ ហើយរំសេវផ្ទុះ ដែលជននេះបានកែច្នៃ បុកដាក់ក្នុងដបធ្វើជាឧបករណ៍ផ្ទុះ គឺមានគុណភាពអាចបំផ្ទុះសម្លាប់អាយុជីវិតមនុស្សបាន៕