កងពលតូចដឹកជញ្ជូនលេខ៩០ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ បើកបររថយន្តធន់ធ្ងន់ជំនាន់ទី២ ឆ្នាំ២០២០
កំពង់ស្ពឺ៖ ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធន់ធ្ងន់ ជំនាន់ទី២ ឆ្នាំ២០២០ របស់កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោកត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ឯក សួន ខាំឡ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគូសបញ្ជាក់ថា វគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធន់ធ្ងន់នេះពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឲ្យដឹងថា ដើមឡើយអង្គភាពនេះជាកងវរសេនាតូចដឹកជញ្ជូនលេខ៨០ ចំណុះអគ្គស្នងការភស្តុភារ អគ្គសេនាធិការ ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរឈ្មោះ ជាកងពលតូចដឹកជញ្ជូនលេខ៩០ ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោកវិញ នៅឆ្នាំ២០១៨។
ឧត្តមសេនីយ៍ទោ ឈរ សុខ បានបញ្ជាក់បន្ថែមទៀតថា កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន ទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការងារបណ្តុះបណ្តាលធនធានមនុស្ស និងភារកិច្ចចំពោះមុខក៏ដូចជាភារកិច្ចក្នុងភូមិសាស្ត្រដែលកងពលទទួលខុសត្រូវ បានរឹងមាំស្របតាមបទបញ្ជាដែលថ្នាក់លើប្រគល់ជូន។
សូមបញ្ជាក់ដែរថា វគ្គហ្វឹកហ្វឺនជំនាញបើកបររថយន្តធន់ធ្ងន់ជំនាន់ទី២ មានសិក្ខាកាមសរុបចំនួន ៦៧នាក់ ដោយសិក្សារយ:ពេល៩១ថ្ងៃ ខ្លឹមសារមេរៀនរួមមាន យោធារួម អប់រំចិត្តសាស្ត្រ បច្ចេកទេស និងបើកបរ៕