សមត្ថកិច្ចបង្ក្រាបករណីឆក់ នៅចំណុចជិតស្ពានអូរសំអាត
ព្រះសីហនុ ៖ ថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះម៉ូតូល្បាតតាមដងផ្លូវ ពេលដល់ចំណុចជិតស្ពានអូរសំអាត ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានលឺប្រជាពលរដ្ឋស្រែកថា មានករណីឆក់កាបូប តែមិនបានសម្រេច ដែលបង្កដោយជនសង្ស័យ ២នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូម៉ាក Honda Dream ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ១G-៣៣៤៨ ហើយសមត្ថកិច្ចក៏បានដេញតាមជនសង្ស័យ ។
លុះពេលមកដល់ចំណុចត្រីដូហ្វីន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ជនសង្ស័យបានជិះត្រឡប់ក្រោយតាមផ្លូវគុជអាស៊ី រហូតដល់ចំណុចមុខហាងហេភី ស្ថិតនៅភូមិ២ សង្កាត់២ សមត្ថកិច្ចក៏សម្រេចចិត្តបុកផ្ដួលម៉ូតូហេីយធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់ រួចនាំមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្ត ។
ប្រភពដដែលបានអោយដឹងថាជនសង្ស័យទាំង២នាក់ ៖មានឈ្មោះ ផាន់ ហុងលិ ភេទប្រុស អាយុ១៥ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងម្នាក់ទៀតឈ្មោះ សួន ចាន់តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានស្រុកកំណើតឃុំភ្នំឌិន ស្រុកគីរីវង្ស ខេត្តតាកែវ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ម៉ូតូ១គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព ) បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ។