ធនាគារអភិវឌ្ឍន៍អាស៊ីអនុម័តកម្ចី ២៥០លានដុល្លា ដើម្បីគាំទ្រកម្ពុជាក្នុងការឆ្លើយតបនឹងCOVID -19
ទីក្រុងម៉ានីលប្រទេសហ្វីលីពីន(៨កក្កដា២០២០)៖ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ថ្ងៃនេះបានអនុម័តកម្ចីចំនួន២៥០លានដុល្លាដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងជំងឺរាតត្បាតដែលបង្កដោយវីរុសកូរ៉ូណា(COVID-19) តាមរយៈការពង្រឹងប្រព័ន្ធគាំពារសុខភាពក្នុងប្រទេសបង្កើនជំនួយសង្គមដល់ប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះព្រមទាំងផ្តល់ការគាំទ្រសេដ្ឋកិច្ចសម្រាប់អាជីវកម្ម ដែលរួមមានសហគ្រាសខ្នាតតូចនិងមធ្យមផងដែរ។
“ការគាំទ្រនេះនឹងជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយឥទ្ធិពលអវិជ្ជមាននៃជំងឺរាតត្បាតនេះលើសុខភាព សង្គម និងសេដ្ឋកិច្ច។” លោកMasatsugu Asakawa ប្រធានធានាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ដោយបន្ថែមថា“កម្ពុជាមានកំណត់ត្រានៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចល្អប៉ុន្តែCOVID-19 គំរាមធ្វើឲ្យថយចុះនូវការរីកចម្រើនក្នុងការកាត់បន្ថយភាពក្រីក្រជាពិសេសក្នុងចំណោមក្រុមងាយរងគ្រោះដូចជាស្រ្តីនិងកម្មករចំណាកស្រុក។ កម្ចីនេះជាផែនការចូលរួមរយៈពេលវែងរបស់ ADB ដែលផ្តោតទៅលើការគាំទ្រការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនិងនិរន្តរភាពហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា។”
ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃ COVID-19 ដោយសារសេដ្ឋកិច្ចបើកចំហ មូលដ្ឋានសេដ្ឋកិច្ចចង្អៀតនិងប្រជាពលរដ្ឋចល័តច្រើន។ADB រំពឹងថាសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះក្នុងរង្វង់ –៥,៥% ក្នុងឆ្នាំ២០២០ដោយសារការថយចុះនៃវិស័យទេសចរណ៍ការនាំចេញសំលៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ តិចជាងមុន និងការចុះថយនៃសកម្មភាពសំណង់។ហានិភ័យនៃការធ្លាក់ចុះនេះអាចនឹងនាំឲ្យប្រជាពលរដ្ឋប្រមាណ ១,៣លាននាក់ទៀតធ្លាក់ក្នុងភាពក្រីក្រ។
កាលពីខែមីនាកម្ពុជាប្រកាសដំណើរការការឆ្លើយតបស៊ីជម្រៅទៅនឹង COVID-19 ជាមួយនឹងកញ្ចប់ថវិកាវិធានការដំបូងសរុប ៨១៥,៧លានដុល្លាដែលស្មើនឹង៣,២% នៃផលិតផលក្នុងស្រុកសរុបរំពឹងទុកសម្រាប់ឆ្នាំ២០២០។ទាំងនេះរួមបញ្ចូលនូវការគាំទ្រទៅលើប្រព័ន្ធសុខាភិបាលដើម្បីត្រៀមបង្ការការកើនឡើងនៃករណីCOVID-19 ហើយសម្រាប់កម្មករនិងសហគ្រាសដែលរួមមានការចាក់បញ្ចូលដើមទុន១៥០លានដុល្លាដើម្បីគាំទ្រធនាគារដែលផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូចនិងមធ្យម។កញ្ចប់ថវិកាគាំទ្រនេះរួមមាន៣០០លានដុល្លាសម្រាប់ការផ្តល់ជំនួយជាសាច់ប្រាក់ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមានក្នុងបញ្ជីទិន្នន័យរបស់រាជរដ្ឋាភិបាល។បញ្ជីទិន្នន័យ(IDPoor) នេះមានបញ្ចូលគ្រួសារក្រីក្រ២,៤លានគ្រួសារ ហើយកំពុងត្រូវបានបញ្ចូលបន្ថែមគ្រួសារដែលរងប៉ះពាល់ដោយ COVID-19។
កម្មវិធីគាំទ្រការចំណាយនិងឆ្លើយតបសកម្មទៅនឹងCOVID-19 របស់ADB (ដែលហៅកាត់ថាCARES) ត្រូវបានផ្តល់ថវិកាតាមរយៈជម្រើសឆ្លើយតបនឹងជំងឺរាតត្បាតCOVID-19 (ហៅកាត់ថាCPRO) ក្រោមការជ្រោមជ្រែងរបស់ADB ដើម្បីដោះស្រាយដំណើរសេដ្ឋកិច្ចមិនប្រក្រតី។CPRO ផ្តួចផ្តើមឡើងតាមរយៈជំនួយរបស់ADB ដែលត្រូវបានពង្រីករហូតដល់២០ពាន់លានដុល្លា កាលពីថ្ងៃទី១៣ ខែមេសាសម្រាប់សមាជិកជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។
កម្មវិធីនេះរួមបញ្ចូលនូវក្របខ័ណ្ធចូលរួមរបស់ប្រទេសដែលទទួលបានការគាំទ្រ ដើម្បីធានាថារដ្ឋាភិបាល និងADB បន្តកិច្ចពិភាក្សាគោលនយោបាយជុំវិញការអនុវត្តនិងតាមដានការឆ្លើយតបទៅនឹងCOVID-19 របស់កម្ពុជា។ក្របខ័ណ្ឌនេះក៏រួមមានការប្រឹក្សាយោបល់ជាមួយវិស័យឯកជននិងអង្គការសង្គមស៊ីវិល។កម្មវិធីនេះក៏ផ្សារភ្ជាប់ទៅនឹងសកម្មភាពគាំទ្របច្ចុប្បន្នរបស់ADB សម្រាប់កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដើម្បីពង្រឹងអភិបាលកិច្ចនិងតម្លាភាពព្រមទាំងបង្កើនប្រសិទ្ធផលក្នុងការបង្កើតគោលនយោបាយនិងថវិកា ការតាមដានការចំណាយ និងសវនកម្ម។
កម្មវិធីCARE នេះត្រូវបានបង្កើតឡើងដោយមានការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍នានា និងបំពេញបន្ថែមទៅនឹងការគាំទ្ររបស់ADB បច្ចុប្បន្នដើម្បីផ្គត់ផ្គង់ឧបករណ៍ត្រួតពិនិត្យសីតុណ្ហភាពសម្រាប់ប៉ុស្តិ៍ត្រួតពិនិត្យអន្តរជាតិនិងធានាការផ្តល់បច្ចុប្បន្នភាពទៀងទាត់ដល់វេបសាយក្រសួងសុខាភិបាលដែលបង្ហាញរបាយការណ៍តាមដានCOVID-19 និងព័ត៌មានពាក់ព័ន្ធផ្សេងៗរាល់ថ្ងៃ។ វាគឺជាផ្នែកមួយនៃសក្តានុពលភាពដ៏រឹងមាំនៃគម្រោងវិនិយោគនិងជំនួយបច្ចេកទេសដែលផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសសម្រាប់កម្ពុជា របស់ADB ឆ្នាំ២០១៩–២០២៣ហើយនឹងគាំទ្រដល់ការស្តារឡើងវិញក្រោយពីការរាតត្បាតនៃCOVID-19 ។
ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញានាំមកនូវវិបុលភាពបរិយាប័ន្នភាពធន់និងនិរន្តរភាពសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកហើយស្របពេលជាមួយគ្នានេះក៏នឹងបន្តរក្សាចីរភាពនៃកិច្ចខិតខំរបស់ខ្លួនក្នុងការលុបបំបាត់ភាពទីទ័លក្រផងដែរ។បង្កើតឡើងក្នុងឆ្នាំ១៩៦៦ធនាគារអភិវឌ្ឍន៍អាស៊ីគឺជាកម្មសិទ្ធិរបស់ប្រទេសជាសមាជិកចំនួន៦៨ក្នុងនោះមាន៤៩ប្រទេសនៅក្នុងតំបន់នេះ។