ត្រឹមរយៈពេល ៣៩ថ្ងៃ ករណីជំងឺកូវីដ១៩ ឆ្លងកើនឡើងទ្វេដងពី ៦លាន ទៅ ១២លានករណី
ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាទូទាំងពិភពលោកបានកើនលើស ១២លាននាក់ហើយ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ខណៈដែលវីរុសដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សជាងកន្លះលាននាក់ ត្រឹមរយៈពេល ៧ខែ។
ប្រទេសដែលរងផលប៉ះពាល់ខ្លាំង បានបន្តការអនុវត្តការបិទប្រទេស ដើម្បីបន្ថយការឆ្លងរាលដាលនៃវីរុស ខណៈដែលប្រទេសដទៃទៀត ដូចជាចិន និងអូស្ត្រាលីជាដើម បានធ្វើការអនុវត្តការបិទប្រទេសជុំថ្មី ដើម្បីឆ្លើយតបទៅនឹងការឆ្លងឡើងវិញ។ អ្នកជំនាញនិយាយថា ការផ្លាស់ប្តូររបៀបធ្វើការ និងជីវិតសង្គមអាចនឹងអូសបន្លាយរហូតទាល់តែមានវ៉ាក់សាំង។
ករណីឆ្លងដំបូងកើតឡើងនៅក្នុងប្រទេសចិនកាលពីដើមខែ មករា ហើយរយៈពេល ១៤៩ថ្ងៃក្រោយ ចំនួនអ្នកឆ្លងកើនដល់ ៦លាននាក់។ តួលេខបានកើនឡើងទ្វេដងរហូតដល់ ១២លានករណី ក្នុងរយៈពេលត្រឹម ៣៩ថ្ងៃបន្ទាប់។
មានអ្នកស្លាប់សរុបជាង ៥៤៦.០០០នាក់ទូទាំងពិភពលោក។ ករណីស្លាប់ដំបូងកើតឡើងនៅក្នុងទីក្រុងវូហានកាលពីថ្ងៃទី ១០ ខែមករា មុនពេលការឆ្លង និងស្លាប់ច្រើនកើននៅក្នុងតំបន់អឺរ៉ុប និងក្រោយមកនៅសហរដ្ឋអាមេរិច។
សហរដ្ឋអាមេរិចមានអ្នកឆ្លងប្រចាំថ្ងៃថ្មីចំនួន ៥៦.៨១៨ កាលពីថ្ងៃទី ៣ ខែកក្កដា នៅពេលដែលករណីឆ្លងទូទាំងពិភពលោកហក់ឡើងដល់ ១១លានករណី។
អាមេរិចមានអ្នកឆ្លងសរុបរហូតដល់ ៣លាននាក់គិតត្រឹមថ្ងៃអង្គារ ដែលស្មើប្រមាណ ១ភាគ៤នៃចំនួនឆ្លងទូទាំងសកលលោក។
ឥណ្ឌា ដែលជាប្រទេសទី ៣មានអ្នកឆ្លងច្រើនបំផុត កំពុងតែប្រយុទ្ធប្រឆាំងនឹងវីរុសមរណៈនេះ ដោយប្រទេសនេះមានអ្នកឆ្លងប្រចាំថ្ងៃច្រើនជាង ២០.០០០ករណី ក្នុងមួយថ្ងៃៗ។
សូមបញ្ជាក់ថា វីរុសកូរ៉ូណា ឬ COVID-19 បានផ្ទុះចេញដំបូងពីប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ និងបានរាតត្បាតយ៉ាងលឿនទៅជុំវិញពិភពលោក។ កាលពីចុងខែមុន អង្គការសុខភាពពិភពលោកបានប្រកាសបញ្ជូនក្រុមអ្នកជំនាញទៅកាន់ប្រទេសចិន ដើម្បីស្វែងរកប្រភពនៃវីរុសនោះ ខណៈដែលអាមេរិចធ្លាប់ប្រកាសថា វីរុសនោះផ្ទុះចេញពីមន្ទីរពិសោធន៍របស់ចិន៕